(អាមេរិក)៖ ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្រ្តអាមេរិក USGS បានឲ្យដឹងថា គ្រោះរញ្ជួយដីថ្មីមួយទៀតកម្រិត៦.៩រ៉ិចទ័រ (ត្រូវបាន ទម្លាក់ចុះពី៧.‌១រ៉ិចទ័រ) បានវាយប្រហារក្បែរទីក្រុង Ridgecrest ភាគខាងត្បូងរដ្ឋកាលីហ្វរញ៉ា។ នេះបើតាមការដកស្រង់ការ ផ្សាយចេញពីសារព័ត៌មាន Los Angeles Times នៅព្រឹកថ្ងៃសៅរ៍ ទី០៦ ខែកក្កដា ឆ្នាំ២០១៩។

ភ្លាមៗបែបនេះ ពុំទាន់មានសេចក្តីរាយការណ៍ថា ហេតុការណ៍រញ្ជួយផែនដីខាងលើបានបង្កការខូចខាតទំហំប៉ុណ្ណា ឬបណ្តាល ឲ្យមនុស្សរងរបួសក៏ដូចជាបាត់បង់ជីវិតដែរឬអត់នោះទេ ខណៈវាបានកើតឡើងនៅយប់ថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅ រដ្ឋកាលីហ្វរញ៉ា) ដែលរំលងគ្នាត្រឹមមួយថ្ងៃប៉ុណ្ណោះ ក្រោយរញ្ជួយដីចំថ្ងៃបុណ្យឯករាជ្យជាតិអាមេរិក «០៤ កក្កដា» ដែលមាន កម្រិត៦.៤រ៉ិចទ័រ នៅតំបន់ភាគខាងត្បូងរដ្ឋកាលីហ្វរញ៉ាដូចគ្នា។ គ្រោះរញ្ជួយដីនោះ ពុំបានបង្កឲ្យមានមនុស្សរងគ្រោះទេ ប៉ុន្តែបានបង្កការខូចខាតដល់ផ្លូវថ្នល់ និងអគារជាដើម ហើយវាក៏ជាគ្រោះរញ្ជួយដីកម្រិតធ្ងន់លើដំបូងផងដែរ នៅកាលីហ្វរញ៉ា មិនធ្លាប់មានពីមុនមកឡើយ ក្នុងអំឡុងពេល២០ឆ្នាំកន្លងទៅ។

គួរជម្រាបថា ប្រមាណជា១០ថ្ងៃចុងក្រោយនេះ ហេតុការណ៍រំញ័រផែនដីយ៉ាងតិចជាង១០០ បានកើតឡើងនៅរដ្ឋកាលីហ្វរញ៉ា ប៉ុន្តែភាគច្រើនគឺពួកវាមានកម្រិតចន្លោះពី៣រ៉ិចទ័រទៅ៥រ៉ិចទ័រ៕