(វ៉ាស៊ីនតោន)៖ យោធាអាមេរិកបានប្រាប់ប្រជាជនទាំងអស់ ដែលរស់នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ឌីស៊ី កុំមានការព្រួយបារម្ភ ឬភ័យខ្លាច នៅពេលឃើញរថក្រោះបើកនៅលើដងផ្លូវនាឱកាស ពីព្រោះវាគ្រាន់តែការធ្វើព្យុហយាត្រា ដើម្បីអបអរសាទរទិវាឯករាជ្យជាតិរបស់សហរដ្ឋអាមេរិក តែប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៤ ខែកក្កដា ឆ្នាំ២០១៩។

យោងតាមយោធាអាមេរិក រថពាសដែក Bradley ពីរគ្រឿង និងរថក្រោះ M1A1 Abrams ពីរគ្រឿង នឹងត្រូវចល័តនៅតាមដងផ្លូវចំណ្ដាលក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីជាការបង្ហាញការគោរពរបស់ លោកប្រធានាធិបតី ដូណាល់ ត្រាំ ចំពោះប្រជាជាតិអាមេរិក។

គួរបញ្ជាក់ថា ទិវាឯករាជ្យជាតិអាមេរិក នឹងត្រូវធ្វើឡើងនៅថ្ងៃទី០៤ ខែកក្កដានេះ (ម៉ោងនៅ វ៉ាស៊ីនតោន) ហើយលោក ដូណាល់ ត្រាំ ក៏នឹងត្រូវចូលរួមពិធីនេះដែរ ប៉ុន្តែគណៈកម្មាធិការជាតិ នៃគណបក្សប្រជាធិបតេយ្យ មិនបានទទួលសំបុត្រអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍នេះឡើយ៕