(ហុងឌូរ៉ាស់)៖ មន្ត្រីហុងឌូរ៉ាស់បានឲ្យដឹងថា មានមនុស្សយ៉ាងហោចណាស់ ២៦នាក់បានបាត់បង់ជីវិត ហើយមនុស្ស ៤៧ផ្សេងទៀតត្រូវបានជួយសង្រ្គោះទាន់ពេល ក្នុងឧបទ្ទវហេតុលិចកប៉ាល់នេសាទមួយគ្រឿង នៅឯឆ្នេរសមុទ្រនៃប្រទេសហុងឌូរ៉ាស់។ នេះបើយោងតាមការចុះផ្សាយសារព័ត៌មាន BBC នាព្រឹកថ្ងៃទី ០៧ ខែកក្តដា ឆ្នាំ២០១៩នេះ។

កប៉ាល់នេសាទដែលជួបឧបទ្ទវេហេតុនោះមានទម្ងន់ ៧០តោន ផ្ទុកពេញដោយអ្ននេសាទ ចេញទៅនេសាទបង្កងក្នុងតំបន់ឆ្នេរសមុទ្រការីបៀន (Caribbean) ភាគខាងកើតប្រទេស បន្ទាប់ពីរដ្ឋាភិបាលប្រទេសអាមេរិកកណ្តាលមួយនេះ បានដកបំរាមនេសាទចេញវិញ ក្រោយរហូតហាមឃាត់ត្រូវបញ្ចប់។ សម្រាប់មូលហេតុដែលបានបង្កឲ្យមានករណីលិចកប៉ាល់នេះ គឺមិនទាន់មានការបញ្ជាក់នោះឡើយ ខណៈការស៊ើបអង្កេតកំពុងតែដំណើរការ។

បន្ថែមពីខាងលើនេះប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយបានឲ្យដឹងថា កាពីទែនកប៉ាល់ បានបញ្ជូនសញ្ញាសុំជំនួយ (SOS ផងដែរ ប៉ុន្តែមិនទាន់ពេលនោះឡើយ ដោយកាពីទែនក៏ជាអ្នកបាត់បង់ជីវិតក្នុងចំណោមមនុស្សទាំង ២៦នាក់នោះដែរ។ ដោយឡែកសាកសព និងអ្នកដែលនៅរស់រានមានជីវិត ត្រូវបានគេបញ្ជូនទៅកាន់មន្ទីពេទ្យមួយ នៅទីក្រុង ភើតូ ឡេមភីរ៉ា (Puerto Lempira) ស្ថិតនៅក្បែរតំបន់នោះហើយ៕