(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុន Boeing នៅថ្ងៃពុធសប្ដាហ៍នេះបានឱ្យដឹងថា ខ្លួននឹងផ្ដល់ប្រាក់ ១០០លានដុល្លារ ដែលត្រូវចំណាយសម្រាប់រយៈពេលជាច្រើនឆ្នាំ ដល់អាជ្ញាធររដ្ឋាភិបាលក្នុងតំបន់ និងអង្គការក្រៅរដ្ឋាភិបាលនានា ដើម្បីយកទៅជួយដល់ក្រុមគ្រួសារសាច់ញាតិជនរងគ្រោះ នៅក្នុងគ្រោះថ្នាក់ធ្លាក់យន្ដហោះធុន 737 MAX 8 នៅក្នុងប្រទេសឥណ្ឌូណេស៊ី និងអេត្យូពី។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែកក្កដា ឆ្នាំ២០១៩។

ការផ្ដល់ប្រាក់សំណងនេះត្រូវបានគេមើលឃើញថា ធ្វើឡើងក្នុងគោលបំណងស្ដារកិត្តិយសរបស់ ក្រុមហ៊ុនផលិតយន្ដហោះអាមេរិកមួយនេះឡើងវិញ ក្រោយមនុស្សរហូតដល់ទៅ ៣៤៦នាក់ បានបាត់បង់ជីវិតនៅក្នុងគ្រោះថ្នាក់ធ្លាក់យន្ដហោះធុន Boeing 737 MAX 8 នៅក្នុងប្រទេសអេត្យូពីកាលពីខែមីនាកន្លងទៅ និងនៅឥណ្ឌូណេស៊ីកាលពីឆ្នាំ២០១៨។

គួរបញ្ជាក់ថា បើតាមក្រុមហ៊ុន Boeing ប្រាក់ ១០០លានដុល្លារខាងលើ ដែលមិនស្មើនឹងតម្លៃ 737 MAX 8 មួយគ្រឿងផងនោះ នឹងត្រូវយកទៅប្រើប្រាស់ក្នុងការគាំទ្រដល់ការអប់រំ និងការរស់នៅរបស់គ្រួសារជនរងគ្រោះ ព្រមទាំងកម្មវិធីសហគមន៍ផ្សេងៗ។ ប៉ុន្តែ មេធាវីរបស់ក្រុមគ្រួសារជនរងគ្រោះមួយចំនួន បានទាត់ចោលចំពោះសំណងនេះ៕