(សេអ៊ូល)៖ កូរ៉េខាងជើង បានចោទប្រកាន់សហរដ្ឋអាមេរិកជាថ្មីថានៅតែបន្តធ្វើសកម្មភាពអរិភាព បើទោះជាប្រទេសទាំងពីរ ទើបតែបានព្រមព្រៀងចាប់ផ្ដើមកិច្ចចរចានុយក្លេអ៊ែរឡើងវិញក៏ដោយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃព្រហស្បតិ៍ ទី០៤ ខែកក្កដា ឆ្នាំ២០១៩។

ប្រតិកម្មខាងលើធ្វើឡើងដោយប្រតិភូកូរ៉េខាងជើង ប្រចាំអង្គការសហប្រជាជាតិ និងជាការឆ្លើយតបទៅ នឹងទីក្រុងវ៉ាស៊ីនតោន ដែលចោទទីក្រុងព្យុងយ៉ាងថា បានរំលោភលើទណ្ឌកម្មអន្តរជាតិឆ្នាំ២០១៧ ស្ដីពីការនាំចូលប្រេងឥន្ធនៈ។ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួននៅថ្ងៃពុធ សប្ដាហ៍នេះ ប្រតិភូកូរ៉េខាងជើង បានលើកឡើងដូច្នេះថា៖ « វាជាការពិតណាស់ សហរដ្ឋអាមេរិកនៅតែបន្តអនុវត្តសកម្មភាព និងគោលនយោបាយអរិភាពប្រឆាំងកូរ៉េខាងជើង...ដូច្នេះរាល់សមាជិកអង្គការសហប្រជាជាតិ ទាំងអស់គួរតែរក្សាការប្រុងប្រយ័ត្នចំពោះចេតនារបស់សហរដ្ឋអាមេរិក ក្នុងការបំផ្លាញបរិយាកាស សន្តិភាពនៅលើឧបទ្វីបកូរ៉េ ក៏ដូចជាយល់ផងដែរថា ការដាក់ទណ្ឌកម្មមិនមែនជាដំណោះស្រាយ ឡើយ»

គួរបញ្ជាក់ថា សេចក្ដីថ្លែងការណ៍របស់ក្រុមប្រតិភូកូរ៉េខាងជើង កើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក ដូណាល់ ត្រាំ បានក្លាយជាប្រធានាធិបតីអាមេរិក កំពុងកាន់អំណាចដំបូងគេបំផុតដែល បានយកជើងជាន់ទឹកដីកូរ៉េខាងជើង តាមរយៈជំនួបជាមួយលោក គីម ជុងអ៊ុន នៅឯតំបន់ព្រំដែន គ្មានយោធាអន្តរកាលពីថ្ងៃអាទិត្យសប្ដាហ៍មុន។ បន្ថែមពីលើនេះ ទាំងកូរ៉េខាងជើង និងសហរដ្ឋអាមេរិក ក៏បានចាត់ទុកដូចគ្នាផងដែរថាវាគឺជា«ជំនួបដ៏អស្ចារ្យ»៕