(បាងកក)៖ នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា (Prayut Chan-O-cha) នាថ្ងៃពុធនេះបាននិយាយថា រដ្ឋាភិបាលរបស់លោកនឹងបញ្ឈប់លែងឲ្យមានការប្រើថង់ប្លាស្ទិក ដែលមានកម្រាស់ស្តើងជាង ៣៦មីក្រូម៉ែត្រ (ប្រហែល ០.០៣៦មីលីម៉ែត្រ) ព្រមទាំង ប្រអប់ចំណីអាហារកែច្នៃព្រមទាំងទុយោប្លាស្ទិច និងកែវប្លាស្ទិកដែលអាចប្រើម្តងហើយបោះចោល នៅក្នុងឆ្នាំ២០២២ ខាងមុខ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានស៊ីនហួរ នាល្ងាចថ្ងៃពុធ ទី០៣ ខែកក្កដា ឆ្នាំ២០១៩នេះ។

លោក ប្រាយុទ្ធ បានធ្វើការសន្យានៅក្នុងសន្និសីទសារព័ត៌មានមួយ នៅក្នុងទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងឱកាសទិវាគ្មានថង់ប្លាស្ទិចអន្តរជាតិនាថ្ងៃទី០៣ ខែកក្កដានេះ។ លោកក៏បានអរគុណដល់ស្ថាប័នដែលពាក់ព័ន្ធទាំងអស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ក្នុងការជួយកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក។ លោកបានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមថ្លែងអំណរ គុណដល់គ្រប់ភាគីទាំងអស់ ក្នុងការជួយកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។ ក្នុងរយៈពេល ១០ខែចុងក្រោយនេះយើងឃើញថា ការប្រើប្រាស់ ថង់ប្លាស្ទិកបានធ្លាក់ចុះរហូតដល់ ២.៧តោន ឬស្មើនឹង ១.៥ពាន់លានថង់ឯណោះ»។

លោកនាយករដ្ឋមន្ត្រីថៃ ក៏បាននិយាយផងដែរថា រដ្ឋាភិបាលរបស់លោក នឹងលើកកម្ពស់វត្ថុធាតុដើមដែលមិនប៉ះពាល់ដល់បរិស្ថាន ជំនួសឲ្យផលិតផលប្លាស្ទិកវិញ ដើម្បីកាត់បន្ថយកាកសំណល់ប្លាស្ទិក។ ជាចុងក្រោយលោក ប្រាយុទ្ធ ថែមទាំងបានលើកទឹកចិត្តមន្រ្តីរបស់លោក ឲ្យជួយគាំទ្រគោលនយោបាយកាត់បន្ថយថង់ប្លាស្ទិកនេះ ដោយលោកបានផ្តល់ដំបូន្មានដល់ស្ថាប័នរដ្ឋទាំងអស់ ត្រូវស្វែងរកវត្ថុធាតុដើមផ្សេងទៀត ដើម្បីយកមកជំនួសការប្រើប្រាស់ថង់ប្លាស្ទិកវិញ។ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋថៃទាំងអស់ ឲ្យបដិសេធក្នុងការប្រើប្រាស់ថង់យួរប្លាស្ទិក នៅហាងលក់ទំនិញនានាផងដែរ៕