(ហុងកុង)៖ សារព័ត៌មានរដ្ឋចិន People's Daily នៅថ្ងៃពុធនេះបានព្រមានថា អំពើហិង្សា និងការរំលោភបំពានច្បាប់ អាចនឹងធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេដ្ឋកិច្ចរបស់ទីក្រុងហុងកុង ក្នុងនាមជាតំបន់ពាណិជ្ជកម្មពិសេសដាច់គេរបស់អន្តរជាតិ។ នេះបើតាមការដកស្រង់ចេញផ្សាយដោយ សារព័ត៌មាន CNA នៅរសៀលថ្ងៃពុធ ទី០៣ ខែកក្កដា ឆ្នាំ២០១៩។

នៅក្នុងអត្ថបទរបស់ខ្លួនចុះផ្សាយនៅថ្ងៃពុធនេះ People's Daily បានគូសបញ្ជាក់ដូច្នេះថា «វាមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលនោះទេចំពោះការខ្វែងគំនិតគ្នា ទោះបីជាបញ្ហានោះធំប៉ុណ្ណាក៏ដោយ... ប៉ុន្តែបើយើងទាំងអស់គ្នាផុងខ្លួន ទៅក្នុងល្បិចកិច្ចកលនៃនយោបាយរបស់អ្នកដទៃ ឬបង្កើតការបែកបាក់ ឬក៏ប្រឆាំងគ្នាទៅវិញទៅមកគ្នា នោះវានឹងមិនផ្ដល់ផលចំណេញអ្វីឡើយ ក្រៅតែពីធ្វើឱ្យខូចខាតកិត្តិយស សេដ្ឋកិច្ច និងការអភិវឌ្ឍរបស់ទីក្រុងហុងកុងតែប៉ុណ្ណោះ»

គួរជម្រាបថា កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅ អំពើហិង្សារវាងប៉ូលិស និងក្រុមបាតុករបានផ្ទុះ ឡើងនៅក្នុងបាតុកម្មតវ៉ាមួយនាឱកាសនៃការប្រារព្ធខួបលើកទី ២២ នៃការប្រគល់ក្រុងហុងកុង ពីអង់គ្លេសទៅឱ្យចិនគ្រប់គ្រង (ថ្ងៃទី០១ ខែកក្កដា ឆ្នាំ១៩៩៧)។ បាតុកម្មនេះបានបណ្ដាលឱ្យ មនុស្សជាច្រើននាករងរបួស ខណៈបាតុករខ្លះបានសម្រុកចូល និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ នៅក្នុងអគារសភាក្រុងហុងកុង។

ដោយឡែករដ្ឋាភិបាលចិន បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងដល់អាជ្ញាធរទីក្រុងហុងកុង ក្នុងការបើកការស៊ើបអង្កេត និងចាប់ខ្លួនក្រុមបាតុករដែលធ្វើសកម្មភាពខុសច្បាប់ ដោយអុកឡុក និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់រដ្ឋ៕