(ញូដេលី)៖ នាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី នាថ្ងៃអាទិត្យម្សិលមិញ បានថ្លែងសារអំពាវនាវឲ្យប្រជាជនឥណ្ឌារួមគ្នា ជួយសន្សំសំចៃទឹក នៅចំពោះមុខបញ្ហាខ្វះខាតទឹកព្រោះតែខ្សត់ភ្លៀងរដូវវស្សា។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី០១ ខែកក្កដា ឆ្នាំ២០១៩។

លោក ម៉ូឌី បាននិយាយដូច្នេះថា «ខ្ញុំសូមអំពាវនាវដល់ពលរដ្ឋឥណ្ឌាគ្រប់ជាន់ថ្នាក់ រួមគ្នាបង្កើនការយល់ដឹងពីការសន្សំសំចៃទឹក និងចែករំលែកពីចំណេះដឹងនៃវីធីសាស្រ្តនៃការសន្សំសំចៃធនធានទឹក ខណៈប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ទីក្រុងចិនណៃដែល ស្ថិតនៅរដ្ឋតាមិលណាឌូ (Tamil Nadu) ភាគខាងត្បូងប្រទេស បានបន្តជួបប្រទះវិបត្តិខ្វះខាតទឹកធ្ងន់ធ្ងរ។ មនុស្សម្នាត្រូវតម្រង់ជួរ គ្នា ដើម្បីចាំត្រងទឹកពីរថយន្តចែកចាយទឹកឬអណ្តូង ហើយកន្លែងមួយចំនួន ព្រមទាំងភោជនីយដ្ឋាន និងសណ្ឋាគារ ត្រូវបង្ខំបិទទ្វារ ព្រោះ តែបញ្ហាខ្វះខាតទឹក»

គួរជម្រាបថា វិបត្តិខ្វះខាតទឹកធ្ងន់ធ្ងរ ក៏ត្រូវបានគេរាយការណ៍ផងដែរ នៅក្នុងតំបន់នៃរដ្ឋម៉ាធាប្រាដេស (Madhya Pradesh) និងរដ្ឋកាណាតាកា ដែលស្ថិតនៅភាគកណ្តាល និងភាគខាងត្បូងប្រទេសឥណ្ឌា ខណៈបើតាមអាជ្ញាធឧតុនិយមឥណ្ឌា រដូវវស្សា ឆ្នាំនេះ ហាក់ដូចជាខ្សត់ភ្លៀងគួរឲ្យកត់សម្គាល់។ អ្វីដែលសំខាន់ទៀតនោះ គឺកាលពីឆ្នាំ២០១៨ តំបន់ជាច្រើនក្នុងប្រទេសឥណ្ឌា ក៏បានប្រឈមនឹងគ្រោះរាំងស្ងួតផងដែរ ដែលជាហេតុធ្វើឲ្យអាងស្តុកទឹកភាគច្រើន ត្រូវបានប្រើប្រាស់អស់តាំងពីពេលនោះ៕