(ហ៊ូស្តុន)៖ មនុស្ស១០នាក់បានបាត់បង់ជីវិត ក្រោយពីយន្តហោះដឹកអ្នកដំណើរខ្នាតតូចមួយគ្រឿង បានធ្លាក់នៅក្បែរទីក្រុងដាឡាស់ នៃរដ្ឋតិចសាស់របស់សហរដ្ឋអាមេរិក នាថ្ងៃអាទិត្យ (ពេលវេលានៅរដ្ឋតិចសាស់)។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី០១ ខែកក្កដា ឆ្នាំ២០១៩។

ហេតុការណ៍ខាងលើបានកើតឡើង នៅព្រលានយន្តហោះអេឌីសុនក្នុងក្រុងអេឌីសុន ដែលស្ថិតនៅចម្ងាយ២៥គីឡូម៉ែត្រ ភាគខាងជើងទីក្រុងដាឡាស់។ អ្នកនាំពាក្យក្រុងអេឌីសុន បានបញ្ជាក់ថា មនុស្សទាំងអស់ដែលធ្វើដំណើរលើយន្តហោះនោះ គឺសរុបចំនួន១០នាក់ បានបាត់បង់ជីវិត ក្រោយពីវាបានធ្លាក់ទៅបុកអគារមួយខ្នង ក្នុងបរិវេណព្រលានយន្តហោះអេឌីសុន ហើយផ្ទុះឆេះ។

គួរជម្រាបថា បើតាមអាជ្ញាធរអាកាសចរណ៍អាមេរិក FAA យន្តហោះដឹកអ្នកដំណើរខ្នាតតូចនោះ មានប្រភេទជា King Air 350 ដោយវាបានធ្លាក់ទៅបុកអគារខាងលើ ក្រោយហោះឡើងបានតែបន្តិចប៉ុណ្ណោះ។ ជាមួយគ្នានេះ អាជ្ញាធរអាមេរិក កំពុងស៊ើបអង្កេតរកមូលហេតុនៃការធ្លាក់ ខណៈមានសេចក្តីរាយការណ៍ព័ត៌មានលើកឡើងពីបញ្ហាម៉ាស៊ីន៕