(អូសាកា)៖ វាជាដំណឹងដ៏ល្អមួយសម្រាប់វិស័យបច្ចេកវិទ្យា និងពាណិជ្ជកម្មសកល ជាពិសេសរវាងក្រុមហ៊ុនចិន និងសហរដ្ឋអាមេរិក ដោយនៅក្នុងសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំកំពូល G20 នៅទីក្រុងអូសាកា ប្រទេសជប៉ុន លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកបានអះអាងថា ក្រុមហ៊ុនអាមេរិកនានានឹងទទួលការអនុញ្ញាត​ឲ្យធ្វើពាណិជ្ជកម្មជាមួយក្រុមហ៊ុនចិន Huawei ឡើងវិញ ដែលនេះមានន័យថា Huawei នឹងអាចត្រូវដកពីបញ្ជីខ្មៅនៃបម្រាមពាណិជ្ជកម្មក្នុងពេលឆាប់ៗ។ នេះបើតាមការចេញផ្សាយពី​សារព័ត៌មានអាមេរិក Bloomberg នាល្ងាចថ្ងៃសៅរ៍ ទី២៩​ ខែមិថុនា ឆ្នាំ២០១៩។

លោក ត្រាំ បានថ្លែងច្បាស់ៗនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅទីក្រុងអូសាកាយ៉ាងដូច្នេះថា «ខ្ញុំបាននិយាយហើយ វាគឺគ្មានបញ្ហាទេ! វាធ្វើឲ្យយើងអាចបន្តលក់ផលិតផលរបស់យើង... ពួកគេគឺជាក្រុមហ៊ុនរបស់អាមេរិក ដែលបានផលិតផលិតផលទាំងនេះ (បរិក្ខាបំពាក់ឲ្យ Huawei)។ វាពិតជាស្មុគស្មាញណាស់ចំពោះរឿងនេះ។ ខ្ញុំយល់ព្រមអនុញ្ញាតឲ្យពួកគេបន្តលក់ផលិតផលនោះ នោះទើបក្រុមហ៊ុនអាមេរិកអាចបន្តដំណើរទៅមុខទៀតបាន...»

កាលពីដើមសប្តាហ៍នេះ កាសែតអាមេរិក Wall Street Journal ក៏បានចេញផ្សាយផងដែរថា ប្រទេសចិននឹងយក Huawei ដាក់លើតុ ដើម្បីទាមទារឲ្យអាមេរិកដកទណ្ឌកម្ម ឬក៏អាចបង្កើត​លក្ខណៈពិសេសដើម្បីអាចឲ្យ Huawei បន្តការរកស៊ីជាមួយក្រុមហ៊ុនអាមេរិកនានាឡើងវិញ។ តួយ៉ាងក្រោយបញ្ចប់កិច្ចប្រជុំកំពូល G20 និងកិច្ចប្រជុំទ្វេភាគីរវាងលោក ត្រាំ និងលោក ស៊ី ជិនពីង ភាពវិជ្ជមានជាច្រើនបានកើតឡើងដូចជា​ អាមេរិកបានសន្យាមិនដំឡើងពន្ធលើចិនទៀត និងបានព្រមព្រៀងគ្នាបន្តកិច្ចពិភាក្សា ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម ជាពិសេសគឺបញ្ហា Huawei នេះតែម្តង។

គួរបញ្ជាក់ថា ការសម្រេចរបស់លោក ដូណាល់ ត្រាំ ថានឹងដកការរឹតត្បិតលើក្រុមហ៊ុនចិន Huawei ខាងលើនេះ បានកើតមានឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍ជាបន្តបន្ទាប់ថា ក្រុមហ៊ុនធំៗដូចជា Google Qualcomm Intel និង Xilinx ជាដើមបានព្យាយាមបញ្ចុះបញ្ចូលរដ្ឋាភិបាលអាមេរិក ឲ្យដកការរឹតត្បិតចំពោះ Huawei ព្រោះពួកគេក៏នឹងទទួលការខាតបង់ផងដែរពីសង្គ្រាមនេះ។ យោងតាមតួលេខកាលពីឆ្នាំ២០១៨ ក្រុមហ៊ុន Huawei បានចំណាយរហូតដល់ ១១ពាន់លានដុល្លារ ក្នុងការទិញបន្ទះឈីប (Chip) ពីក្រុមហ៊ុនយក្សអាមេរិកចំនួនបីប៉ុណ្ណោះគឺ Intel Qualcomm និង Micron៕