(ប៉េកាំង)៖ មន្ត្រីកូរ៉េខាងជើងបានបញ្ជាក់ថា សំណើរៀបចំជំនួបរវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន នៅតំបន់ព្រំដែនគ្មានយោធារវាងកូរ៉េទាំងពីរ (DMZ) គឺជារឿងដ៏គួរឲ្យចាប់អារម្មណ៍ ប៉ុន្តែទីក្រុងព្យុងយ៉ាងទំនងជាចង់បានការស្នើសុំជាផ្លូវការ ពីសំណាក់អាមេរិកជាមុនសិន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នារសៀលថ្ងៃសៅរ៍ ទី២៩ ខែមិថុនា ឆ្នាំ២០១៩។

ជុំវិញការលើកឡើងរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កំឡុងពេលដែលលោក​កំពុងស្ថិតនៅក្នុងកិច្ចប្រជុំកំពូល G20 នៅជប៉ុននោះ អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងលោកស្រី ឆឺ សុនហ៊ុយ (Choe Son Hui) បានឆ្លើយតបយ៉ាងដូច្នេះថា «យើងសង្កេតឃើញថា នេះគឺជាការស្នើសុំដ៏គួរឲ្យចាប់អារម្មណ៍មួយ ប៉ុន្តែយើងមិនទាន់បានទទួលការសំណើជាផ្លូវការ​ណាមួយ (ពីភាគីអាមេរិក) នោះឡើយ»។

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិកលោក ដូណាល់​ ត្រាំ នឹងបន្តទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង ក្រោយកិច្ចប្រជុំកំពូល G20 នៅជប៉ុននៅក្នុងល្ងាចថ្ងៃសៅរ៍នេះ។ នៅក្នុងសារមួយបង្ហោះលើ Twitter លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំចង់ជួបលោកប្រធាន គីម នៅឯតំបន់ព្រំដែនគ្មានយោធា (DMZ) ដើម្បីចាប់ដៃគាត់ និងនិយាយពាក្យសួស្ដី!... ហើយបើអាចយើងនឹងបាន ឃើញមុខគ្នាទៅវិញទៅមកតែ២នាទីក៏បាន»។ លោក ត្រាំ គ្រោងនឹងចាកចេញពីទីក្រុងសេអ៊ូល នៅថ្ងៃអាទិត្យស្អែកនេះ ហើយត្រឡប់ទៅកាន់ទីក្រុងវ៉ាស៊ីនតោនវិញ៕