(អូសាកា)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានឲ្យដឹងថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងញូដេលីអាចនឹងប្រកាសពី «កិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំមួយ» ខណៈប្រទេសទាំងពីរក៏កំពុងតែមាន បញ្ហាវិវាទផ្នែកពាណិជ្ជកម្មជាមួយគ្នាដែរ។ នេះបើតាមការ ដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែមិថុនា ឆ្នាំ២០១៩។

នាកិច្ចចាប់ផ្តើមនៃជំនួបទ្វេភាគីជាមួយនាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) នៅទីក្រុងអូសាកា (Osaka) ប្រទេសជប៉ុន នាថ្ងៃសុក្រនេះលោក ត្រាំ បាននិយាយយ៉ាងដូច្នេះ «ខ្ញុំគិតថាពួកយើងអាចនឹងមានរឿងធំៗមួយចំនួនដែលនឹងត្រូវប្រកាស នោះក្នុងរួមមានកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំមួយ»។ ជំនួបនេះធ្វើឡើងមុនពេលមេដឹកនាំនៃប្រទេសទាំងពីរ ត្រូវចូលរួមកិច្ចប្រជុំរវាងប្រទេសសេដ្ឋកិច្ចកំពូលៗ G20 ជាផ្លូវការនៅក្នុងទីក្រុងអូសាកា ប្រទេសជប៉ុន។

គួរជម្រាបថា កាលពីពេលសហរដ្ឋអាមេរិកសម្រេចដំឡើងពន្ធ ២៥ភាគរយលើដែកថែប និង ១០ភាគរយលើអាលុយមីញ៉ូមនៅខែមីនា ឆ្នាំ២០១៨ ឥណ្ឌាបានចេញមុខថ្កោលទោសជាខ្លាំងលើទង្វើនេះ ខណៈខ្លួនគឺជាអ្នកផលិតដែកថែកដ៏ធំមួយដែរនៅលើពិភពលោក។ កន្លងទៅថ្មីៗនេះ លោក ដូណាល់ ត្រាំ ក៏បានកាត់ឈ្មោះឥណ្ឌាចេញពីប្រព័ន្ធអនុគ្រោះពន្ធរបស់ខ្លួនថែមទៀត ខណៈឥណ្ឌាបានបង្ខំចិត្តឆ្លើយតបទៅវិញ តាមរយៈការដំឡើងពន្ធប្រឆាំងទំនិញរបស់អាមេរិក ដែលមានទំហំជាទឹកប្រាក់ជាង ២០០លានដុល្លារ៕