(សេអ៊ូល)៖ មន្ត្រីទូតកូរ៉េខាងជើងម្នាក់នៅថ្ងៃព្រហស្បតិ៍នេះបាននិយាយថា សហរដ្ឋអាមេរិក គួរតែចាត់វិធានការជាសកម្មភាព ដែលបង្ហាញពីយុទ្ធសាស្រ្តថ្មីមួយ ដើម្បីស្ដារកិច្ចចរចាស្ដីពីការលុបបំបាត់អាវុធនុយក្លេអ៊ែរឡើងវិញ មុននឹងពេលវេលាដែលកំណត់ដោយទីក្រុងព្យុងយ៉ាង ត្រូវកន្លងហួសទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែមិថុនា ឆ្នាំ២០១៩។

មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ធ្លាប់បានបញ្ជាក់ក្រោយកិច្ចប្រជុំជាមួយលោក ដូណាល់ ត្រាំ ក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីចុងខែកុម្ភៈកន្លងទៅទទួលបរាជ័យថា ជំនួបលើកទី ៣ អាចនឹងកើតឡើងជាថ្មី លុះត្រាតែសហរដ្ឋអាមេរិកប្ដូរអត្តចរិកបច្ចុប្បន្នចេញសិន ពោលគឺឱ្យបានមុនដំណាច់ឆ្នាំ២០១៩នេះ បើពុំដូច្នោះទេអ្វីៗអាចនឹងលែងស្រោចស្រង់ឡើងវិញបាន ។

ជុំវិញបញ្ហាខាងលើនេះ លោក ក្វុន ចុងហ្គាន់ (Kwon Jong Gun) ដែលជានាយកទទួលបន្ទុកកិច្ចការអាមេរិក នៃក្រសួងការបរទេសកូរ៉េខាងជើង ក៏បានសង្កត់ធ្ងន់ដែរថា «សហរដ្ឋអាមេរិកតែងតែលើកឡើងជានិច្ចពីកិច្ចសន្ទនា ខណៈខ្លួននៅតែប្រកាន់ភ្ជាប់នូវសកម្មភាពជាសត្រូវ ចំពោះកូរ៉េខាងជើង។ ដូច្នេះហើយ ទីក្រុងវ៉ាស៊ីនតោនគួរតែប្ដូរយុទ្ធសាស្ត្របច្ចុប្បន្ន និងធ្វើសកម្មភាពឱ្យស្របទៅតាមផលប្រយោជន៍រវាងប្រទេសទាំង ២។

គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យកន្លងទៅ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ បានអះអាងថា ការផ្ញើសំបុត្រឱ្យគ្នាទៅវិញទៅមករវាងលោក ត្រាំ និងលោក គីម នាពេលថ្មីៗនេះ បង្កើនសង្ឃឹមពីលទ្ធភាពកាន់តែខ្ពស់ នៃការរៀបចំជំនួបកំពូលលើកទី ៣ រវាងមេដឹកនាំទំាង២។ ប៉ុន្តែសេតវិមានក៏បានបន្តសុពលភាព នៃដាក់ទណ្ឌកម្មប្រឆាំងកូរ៉េខាងជើងផងដែរ កាលពីសប្ដាហ៍មុន៕