(ប៉េកាំង)៖ ក្រសួងការពារជាតិតៃវ៉ាន់បានឲ្យដឹងថា ចិនបានចល័តក្បួននាវាដឹកយន្តហោះចម្បាំង Liaoning ឆ្លងកាត់ច្រកសមុទ្រ តៃវ៉ាន់ដែលខណ្ឌចែកដែនដីទាំងពីរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០១៩។

បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិតៃវ៉ាន់ នាវាដឹកយន្តហោះចម្បាំងចិន Liaoning ដែលអមដំណើរដោយនាវា យោធាចំនួន០៥គ្រឿងទៀត បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ អំឡុងពេលឆ្ពោះទៅកាន់កំពង់ផែនៃទីក្រុង Qingdao នៅ ភាគខាងកើតប្រទេសចិន។ កាលពីប៉ុន្មានសប្តាហ៍មុន ក្បួននាវាដឹកយន្តហោះចម្បាំង Liaoning ក៏បានចល័តឆ្លងកាត់ច្រកសមុទ្រ Miyako របស់ជប៉ុន មុនចូលទៅក្បែរកោះហ្គាំរបស់អាមេរិក ព្រមទាំងប្រទេសហ្វីលីពីន ហើយបន្តទៅតំបន់សមុទ្រចិនខាងត្បូង ដែលមានជម្លោះផងដែរ។

គួរជម្រាបថា ប៉ុន្មានខែកន្លងទៅនេះ កងទ័ពជើងទឹកអាមេរិក បានបង្កើនសកម្មភាពរបស់ខ្លួនគួរឲ្យកត់សម្គាល់ នៅច្រកសមុទ្រ តៃវ៉ាន់ តាមរយៈការចល័តនាវាចម្បាំងមកកាន់តំបន់នេះជារឿយៗ ដើម្បីបង្ហាញពីការប្តេជ្ញារបស់អាមេរិកចំពោះប្រតិបត្តិ ការសេរី ភាពនៃនាវាចររបស់ខ្លួន ជាពិសេសស្របពេលដែលទំនាក់ទំនងរវាងទីក្រុងប៉េកាំងនិងទីក្រុងវ៉ាស៊ីនតោន បានធ្លាក់ក្នុងសភាពដុន ដាប កាលពីឆ្នាំមុនមក ដោយសារតែសង្រ្គាមពាណិជ្ជកម្ម៕