(ប៉ារីស)៖ មនុស្សសរុប ០៣នាក់បាត់បង់ជីវិត និង ២៨នាក់ទៀតទទួលរងរបួស បន្ទាប់ពីអគារមួយខ្នងស្ថិតនៅ ភាគកណ្តាលទីក្រុងប៉ារីស បានឆាបឆេះកាលពីវេលាម៉ោង ៥៖០០នាទីព្រឹកព្រហាមថ្ងៃសៅរ៍នេះ (ម៉ោងនៅទីក្រុងប៉ារីស)។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នារសៀលថ្ងៃសៅរ៍ ទី២២ ខែមិថុនា ឆ្នាំ២០១៩។

អ្នកនាំពាក្យនៃនាយកដ្ឋានពន្លត់អគ្គីភ័យបារាំងបានបញ្ជាក់ថា ក្នុងចំណោមមនុស្សរងរបួសទាំង ២៨នាក់នោះក៏មានកងកម្លាំងពន្លត់អគ្គីភ័យផងដែរ និងមនុស្សម្នាផ្សេងៗទៀតបានរងអការៈពុលផ្សែង ធ្ងន់ធ្ងរខ្លាំងពេក ដោយសារតែការឆាបឆេះអគារកម្ពស់ ០៦ជាន់ ដែលមានភោជនីយដ្ឋាន ហាងលក់ទំនិញ និងលំនៅឋានម្តុំនៅជាមួយគ្នានោះ។

គួរបញ្ជាក់ថា ក្រុមពន្លត់អគ្គីភ័យបារាំងមានគ្នាប្រមាណជាង ២០០នាក់បានទៅដល់កន្លែងកើតហេតុ ជាមួយនឹងឡានទឹករាប់សិបគ្រឿង។ អគ្គីភ័យត្រូវបានពន្លត់ទាំងស្រុង នៅប៉ុន្មានម៉ោងក្រោយ ការឆាបឆេះ ប៉ុន្តែមូលហេតុនៃការបង្កទៅជាគ្រោះថ្នាក់នេះ គឺមិនទាន់មានការបញ្ជាក់នោះឡើយ៕