(ហាណូយ)៖ តុលាការវៀតណាមបានផ្តន្ទាទោសប្រហារជីវិតមនុស្សពីរនាក់ ពីបទដឹកជញ្ជូន និងជួញដូរគ្រឿងញៀននៅភាគខាងជើងប្រទេស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃពុធ ទី១៩ ខែមិថុនា ឆ្នាំ២០១៩។

តុលាការប្រជាជននៃខេត្តឡាងសុន (Lang Son) ភាគខាងជើងវៀតណាម បានធ្វើការផ្តន្ទាទោសប្រហារជីវិតបុរសពីរនាក់ខាងលើនេះ ដោយម្នាក់មានឈ្មោះ ឡេ ហ័ងថាង (Le Hoang Thang) អាយុ ៣៨ឆ្នាំ និងម្នាក់ទៀតឈ្មោះ លូ វ៉ាន់ សុន (Luu Van Son) អាយុ ៣៣ឆ្នាំ។ បុរសទាំងពីរនាក់នេះមានទីលំនៅក្នុងខេត្ត ថៃង្វៀន (Thai Nguyen) ភាគខាងជើងវៀតណាម។

គួរបញ្ជាក់ថា អាជ្ញាធរវៀតណាមកាលពីខែកក្កដា ឆ្នាំ២០១៨ បានចាប់បានបុរសទាំងពីរនាក់ខាងលើនេះនៅក្នុងស្រុកជីឡេង (Chi Lang) នៃខេត្តឡាងសុន ជាមួយនឹងវត្ថុតាងជាថ្នាំញៀនប្រភេទហេរ៉ូអ៊ីន ១០កញ្ចប់ស្មើហ្នឹង ៣.៥គីឡូក្រាម។ ចំពោះមុខតុលាការ​ពួកគេបានសារភាពនូវទោសកំហុសទាំងអស់ និងបានអះអាងថា គ្រឿងញៀនទាំងនេះត្រូវបានទិញពីខេត្ត ង៉េអាន (Nghe An) ភាគកណ្តាលប្រទេស។

បើតាមច្បាប់របស់​ប្រទេសវៀតណាម អ្នករត់ពន្ធគ្រឿងញៀនប្រភេទហេរ៉ូអ៊ីនចាប់ពី ៦០០ក្រាមឡើងទៅ និងមេតំហ្វេតាមីនចាប់ពី ២.៥គីឡូក្រាមឡើងទៅ​នឹងត្រូវមានទោសប្រហារជីវិត។ ដោយឡែកសម្រាប់អ្នកផលិតវិញ បើផលិតគ្រឿងញៀនហេរ៉ូអ៊ីនពី ១០០ក្រាមឡើងទៅ និងមេតំហ្វេតាមីនពី ៣០០ក្រាមឡើងទៅ ក៏មានទោសប្រហារជីវិតដូចគ្នា៕