(ប៉ារីស)៖ ក្រុមហ៊ុនផលិតយន្ដហោះអឺរ៉ុប Airbus កំពុងស្វះស្វែងរកការបញ្ជាទិញយន្ដហោះ A321XLR របស់ខ្លួនពីអតិថិជន បន្ទាប់ពីក្រុមហ៊ុន Boeing ត្រូវបានគេរាយការណ៍ថា នៅតែទទួលបានការបញ្ជាទិញយន្ដហោះ 737 MAX រាប់រយគ្រឿង។ នេះបើតាមប្រភពជាច្រើនពីឧស្សាហកម្មយន្ដហោះ ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃពុធ ទី១៩ ខែមិថុនា ឆ្នាំ២០១៩។

យោងតាមប្រភពលោកខាងលើដដែល ក្រុមហ៊ុន Airbus បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនវិនិយោគវិស័យអាកាសចរណ៍អាមេរិក បៀលហ្វ្រេង (Bill Franke) ដែលតែងតែបញ្ជាទិញយន្ដហោះ ពីក្រុមហ៊ុនផលិតយន្ដហោះអឺរ៉ុបមួយនេះ។ លើសពីនេះទៀត ខណៈក្រុមហ៊ុន Boeing កំពុងប្រឈមមុខនឹងបញ្ហាជាច្រើន ក្រុមហ៊ុន Airbus ក៏មានបំណងលក់យន្ដហោះ A321XLR ជាង ២០០គ្រឿងផងដែរនៅលើទីផ្សារពិភពលោក ខណៈក្រុមហ៊ុនអាកាសចរណ៍អូស្រ្តាលី Qantas កាលពីថ្ងៃអង្គារបានប្រកាសពីការបញ្ជាទិញ A321XLR ចំនួន១0គ្រឿង បន្ថែមពីលើយន្តហោះប្រភេទនេះ ២៦គ្រឿងដែលមានស្រាប់ ប៉ុន្តែខាងក្រុមហ៊ុន Airbus មិនទាន់ធ្វើអត្ថាធិប្បាយណាមួយ ទៅនឹងសេចក្ដីរាយការណ៍ខាងលើនេះនៅឡើយទេ។

គួរបញ្ជាក់ថា បើទោះជាក្រុមហ៊ុន Boeing កំពុងជួបវិបត្តិដោយសារតែករណីធ្លាក់យន្ដហោះប្រភេទ 737 MAX នៅប្រទេសឥណ្ឌូណេស៊ី និងអេត្យូពីក៏ដោយក៏ក្រុមហ៊ុនអាមេរិកមួយនេះ នៅតែទទួលបានទំនុកចិត្តពីអតិថិជន ជាពិសេសបណ្តាប្រទេសសម្ព័ន្ធមិត្តអាមេរិក។ ជាក់ស្ដែងក្រុមហ៊ុនអាកាសចរណ៍ IAG មានមូលដ្ឋាននៅអង់គ្លេស បានចុះហត្ថលេខា លើលិខិតមួយដែលបញ្ជាក់ពីបំណងបញ្ជាទិញ យន្ដហោះ 737 MAX ដល់ទៅ ២០០គ្រឿងឯណោះពី Boeing៕