(អាមេរិក)៖ ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក USGS បានឲ្យដឹងនៅមុននេះបន្តិចថា គ្រោះធម្មជាតិរញ្ជួយផែនដីដ៏កក្រើកកម្រិតរហូតដល់ ៦.៨រ៉ិចទ័រ បានវាយប្រហារភាគអាគ្នេយ៍នៃ កោះរ៉ាអ៊ូល (Raoul Island) ស្ថិតនៅក្នុងប្រជុំកោះឃើម៉ាដិក (Kermadec islands) របស់ប្រទេសនូវែលសេឡង់។ នេះបើតាមការចេញផ្សយព័ត៌មាននៅរសៀលថ្ងៃពុធ ទី១៩ ខែមិថុនា ឆ្នាំ២០១៩។

គ្រោះរញ្ជួយដីខាងលើនេះបានកើតមានឡើយនៅចម្ងាយ ១៨០គីឡូម៉ែត្រពីទីប្រជុំកោះ Raoul ដែលមានជម្រៅញ័ររញ្ជួយពីក្នុងដី ១០គីឡូម៉ែត្រ។ ភ្លាមៗបែបនេះពុំទាន់មានព័ត៌មានណាមួយ បញ្ជាក់អំពីលទ្ធភាពដែលអាចកើតមានរលកយក្សស៊ូណាមិ ឬមួយក៏ចំនួនជនរងគ្រោះ និងការខូចខាតក្នុងទម្រង់ណាមួយនៅឡើយទេ។

គួរបញ្ជាក់ថា ប្រជុំកោះ Kermadec islands ជាកម្មសិទ្ធិរបស់ប្រទេសនូវែលសេឡង់ ស្ថិតនៅភាគខាងជើងប្រទេសដីកោះមួយនេះ។ នៅក្នុងនោះកោះ Raoul តែឯងគឺជាកោះធំជាងគេ មានទំហំរហូតដល់ ៩០០គីឡូម៉ែត្រក្រឡា ដែលភាគច្រើនជាជម្រកព្រៃឈើ និងជីវៈចំរុះ៕