(ម៉ាឌ្រីត)៖ ក្រោមកិច្ចសហការជាមួយក្រុមហ៊ុនចិន Huawei ក្រុមហ៊ុន Vodafone បានសម្រេចបញ្ចេញនូវសេវាទូរស័ព្ទ 5G ជាលើកដំបូងនៅក្នុងប្រទេសអេស្ប៉ាញ ដែលវាបានធ្វើឲ្យអេស្ប៉ាញ ស្ថិតនៅក្នុងចំណោមប្រទេសដំបូងគេនៅអឺរ៉ុប (បន្ទាប់ពីចក្រភពអង់គ្លេស) ក្នុងទទួលបានប្រព័ន្ធបច្ចេកវិទ្យាទូរគមនាគមន៍ ដ៏ទំនើបចុងក្រោយនេះកាលពីចុងសប្តាហ៍មុន។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ស៊ីនហួរ នាព្រឹកថ្ងៃចន្ទ ទី១៧ ខែមិថុនា ឆ្នាំ២០១៩។

យោងតាមក្រុមហ៊ុន Vodafone Espana ប្រព័ន្ធទូរស័ព្ទ 5G បានចាប់ផ្តើមគ្របដណ្តប់ដំបូង នៅលើទីក្រុងធំៗចំនួន ១៥ នៅទូទាំងប្រទេសអេស្ប៉ាញដូចជា Madrid, Barcelona, Valencia និង Seville ជាដើម។ យ៉ាងហោចណាស់ប្រជាជនក្នុងចំនួនជាងពាក់កណ្តាល នៅក្នុងបណ្តាទីក្រុងខាងលើនេះ នឹងទទួលបាននូវប្រព័ន្ធសេវាអ៊ីនធើណិត ដែលមានល្បឿនលឿនបំផុត ហើយវានឹងបង្កើនទៅមុខទៀតនៅថ្ងៃអនាគត។

គួរបញ្ជាក់ថា ជាមួយនឹងទូរស័ព្ទដើរដោយ 5G អតិថិជនដែលប្រើប្រាស់សេវានេះទាំងអស់ នៅអេស្ប៉ាញនឹងទទួលបានបទពិសោធន៍ថ្មីសន្លាង នោះគឺការដោនឡូដឯកសារក្នុងល្បឿន ១ជីហ្គាបៃក្នុងមួយវិនាទី ហើយវានឹងបង្កើនលឿនថែមទៀតដល់ ២ជីហ្គាបៃក្នុងមួយវិនាទី នៅចុងឆ្នាំ២០១៩ ដូច្នេះវាមានន័យថា សេវា 5G មានលឿនរហ័សជាង 4G រហូតដល់ទៅ ១០ដង ឯណោះ។ វានឹងជួយបង្កើនប្រសិទ្ធភាពកាន់ខ្ពស់ទៅលើការងារផ្នែកដឹកជញ្ជូន វេជ្ជសាស្ត្រ និង Virtual Reality នៅថ្ងៃអនាគត។

យោងតាមក្រុមហ៊ុន Huawei សាខាប្រចាំអេស្ប៉ាញ ក្រុមហ៊ុននេះបានធ្វើការរៀបចំច្រើនណាស់ សម្រាប់ការដាក់ឲ្យដំណើរការខាងលើនេះ ជាមួយនឹងក្រុមហ៊ុន Vodafone ក្នុងនាមជាអ្នកផ្គត់ផ្គង់គ្រឿងបរិក្ខាស្នូល សម្រាប់គំរោងក្រុមហ៊ុន Vodafone ផ្ទាល់តែម្តង។ ក្រុមហ៊ុនធំៗទាំងពីរនេះ បានបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នា ក្នុងរយៈពេលជាង ១០ឆ្នាំមកហើយ។ ក្រុមហ៊ុនក៏សង្ឃឹមដែរថា ការដំណើរការ 5G នៅអេស្ប៉ាញ នឹងជួយលើកមុខមាត់ឲ្យ Vodafone ធ្វើការដំណើរការ 5G នេះនៅតាមបណ្តាប្រទេសផ្សេងៗទៀតផងដែរ៕