(អាមេរិក)៖ យន្តហោះមានជើងហោហើរ Flight 627 របស់អាកាសចរណ៍អាមេរិក United Airlines បានរអិលចេញពីផ្លូវ ពេលកំពុង​ចុះចតនៅឯអាកាសយានដ្ឋានអន្តរជាតិ Newark Liberty ក្នុងរដ្ឋ New Jersey។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌​មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃអាទិត្យ ទី១៦ ខែមិថុនា ឆ្នាំ២០១៩។

បើតាមអាជ្ញាធរអាកាសចរណ៍អាមេរិក ហេតុការណ៍ខាងលើ បានកើតឡើងនាថ្ងៃសៅរ៍សប្តាហ៍នេះ (ពេលវេលានៅ New Jersey)​ នៅពេលយន្តហោះ Flight 627 របស់ United Airway បានធ្វើដំណើរមកពីទីក្រុង Denver នៃរដ្ឋ Colorado។ មូលហេតុបឋមនៃ​ការធ្វើឲ្យយន្តហោះ Boeing 757 នោះ រអិលចេញពីផ្លូវចុះចត ត្រូវបានអាជ្ញាធរអាកាសចរណ៍អាមេរិកបញ្ជាក់ថា មកពីកង់ផ្នែកនៅ​​​​ខាងឆ្វេងរបស់យន្តហោះ បានផ្ទុះបែកពេលចុះចត ខណៈការស៊ើបអង្កេតកំពុងបន្ត។

គួរជម្រាបថា យ៉ាងណាមិញ មនុស្សទាំង១៧២នាក់ ដែលរួមមានអ្នកដំណើរ១៦៦នាក់ និងបុគ្គលិកយន្តហោះ០៦នាក់ គឺពុំបាន​រង​របួសធ្ងន់ធ្ងរអ្វីឡើយ ដោយសារតែហេតុការណ៍នេះ៕