(ប៊ែរឡាំង)៖ ខណៈសហរដ្ឋអាមេរិក និងតួកគីកំពុងដំឡើងសសៃកដាក់គ្នា ជុំវិញការទិញប្រព័ន្ធមីស៊ីលការពារដែនអាកាសរុស្ស៊ី S-400 អាល្លឺម៉ង់ និងបារាំងឯណេះវិញ ក៏បានបង្ហាញពីគោលជំហរផ្ទុយគ្នាពីបញ្ហានេះដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃសៅរ៍ ទី១៥ ខែមិថុនា ឆ្នាំ២០១៩។

អ្នកនាំពាក្យរងរដ្ឋាភិបាលអាល្លឺម៉ង់ លោកស្រី យូលរីក ដឹមមែរ (Ulrike Demmer) បានកត់សម្គាល់ថា ទីក្រុងប៊ែរឡាំងស្វាគមន៍ជានិច្ច បើសិនជាទីក្រុងអង់ការ៉ា សម្រេចចិត្ត ធ្វើការពិចារណាឡើងវិញលើការទិញ S-400 ពីរុស្ស៊ីដែលត្រូវបានចុះហត្ថលេខា កាលពីឆ្នាំ២០១៧។ លោកស្រី Demmer បានលើកឡើងយ៉ាងដូច្នេះថា «ការទិញប្រព័ន្ធមីស៊ីលរុស្ស៊ី S-400 របស់តួកគី គឺជាបញ្ហាដ៏ចម្រូងចម្រាស់សម្រាប់អង្គការណាតូ... ដូច្នេះយើងសង្ឃឹមថា តួកគីអាចនឹងពិចារណាលុបចោលគម្រោងនេះវិញ»

តែយ៉ាងណាក៏ដោយ រដ្ឋាភិបាលបារាំងឯណោះតាមរយៈក្រសួងការបរទេសខ្លួន ហាក់ដូចជាបង្ហាញការយល់ឃើញផ្សេងពីអាល្លឺម៉ង់ ជាមួយការអះអាងបែបការពារថា ប្រទេសតួកគីមានអធិបតេយ្យភាពក្នុងការសម្រេចចិត្តទិញ បរិក្ខាយោធាពីប្រទេសដទៃដែលខ្លួនចង់បាន (សំដៅលើការទិញ S-400)។

គួរជម្រាបថា សហរដ្ឋអាមេរិកបានទុកឱ្យតួកគីរហូតដល់ចុងខែកក្កដាខាងមុខនេះ ដើម្បីជ្រើសរើស រវាងយន្ដហោះចម្បាំងបំបាំងកាយអាមេរិក F-35 និង S-400 របស់រុស្ស៊ី ហើយមិនតែប៉ុណ្ណោះតួកគីក៏អាចប្រឈមមុខជាប់ទណ្ឌកម្មសេដ្ឋកិច្ច ពីសំណាក់ទីក្រុងវ៉ាស៊ីនតោនផងដែរ បើមិនព្រមបោះបង់ចោល S-400 ទេនោះ។

សហរដ្ឋអាមេរិកបានអះអាងថា ការទិញប្រព័ន្ធមីស៊ីល S-400 អាចនឹងធ្វើ ឱ្យប៉ះពាល់ដល់យុទ្ធសាស្ត្រការពារដែនអាកាសនៃអង្គការណាតូ ប៉ុន្តែទីក្រុងម៉ូស្គូយល់ថាអាមេរិក កំពុងព្រួយបារម្ភខ្លាចក្រែងប្រព័ន្ធមីស៊ីលរបស់ខ្លួន បង្ហាញពីចំណុចខ្សោយរបស់ F-35 ទៅវិញទេ។ ចំពោះការដាក់ឱសាទពីអាមេរិក គឺហាក់កាន់តែធ្វើឲ្យតួកគីខឹងសម្បារកាន់តែខ្លាំងឡើយ និងព្រមានតបតទៅអាមេរិកវិញថែមទៀត ព្រោះគ្មានប្រទេសណាមានសិទ្ធិមកដាក់ឱសានវាទ លើតួកគីនោះឡើយ៕