(វ៉ាស៊ីនតោន)៖ យោធាអាមេរិកបានទម្លាយចេញនូវឃ្លីបវីដេអូមួយ ដែលខ្លួនអះអាងថា ជាបង្ហាញពីសកម្មភាពរបស់កងកម្លាំង ពិសេសអ៊ីរ៉ង់ជាច្រើននាក់ កំពុងដោះគ្រាប់មីនមិនទាន់ផ្ទុះ ចេញពីផ្នែកខាងនៃកប៉ាល់ដឹកប្រេងជប៉ុន ដែលរងការ បំផ្លិចបំផ្លាញដោយសារការវាយប្រហារកាលពីថ្ងៃព្រហស្បតិ៍ នៅឯតំបន់ឈូងសមុទ្រអូម៉ង់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅល្ងាចថ្ងៃសុក្រ ទី១៤ ខែមិថុនា ឆ្នាំ២០១៩។

ទីបញ្ជាការកណ្ដាលយោធាអាមេរិក ក៏បានបង្ហោះរូបភាពជាច្រើនសន្លឹកអមមកជាមួយផងដែរ ដោយចង់បង្ហាញថា មានគ្រាប់មីនមិនទាន់ផ្ទុះនៅជាប់នឹងកប៉ាល់ដឹកប្រេងជប៉ុនឈ្មោះ គូគុកា ខូរ៉េចឹស (Kokuka Courageou) ក្រោយនាវាបានផ្ទុះមួយចំហៀងទៀត។ ប៉ុន្តែទាំងវីដេអូ និងរូបភាពនេះពិតជាមានការពិបាកណាស់ក្នុងការបញ្ជាក់ថា អ៊ីរ៉ង់ជាអ្នកនៅពីក្រោយ ការវាយប្រហារលើកប៉ាល់ដឹកប្រេងជប៉ុន និងកប៉ាល់ដឹកប្រេងន័រវែស Front Altair។

គួរបញ្ជាក់ថា អ៊ីរ៉ង់បានទាត់ចោលភ្លាមៗចំពោះការចោទប្រកាន់របស់សហរដ្ឋអាមេរិក ហើយក៏បានអំពាវនាវឱ្យទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តរបស់ខ្លួន បញ្ឈប់ការធ្វើសកម្មភាពញុះញង់ចង់បង្កសង្រ្គាម និងទម្លាក់កំហុសគ្មានមូលដ្ឋានលើអ៊ីរ៉ង់ ខណៈបណ្តាប្រទេសផ្សេងៗទៀត បានព្រមានអំពីស្ថានការណ៍កាន់តែក្តៅគគុក ជុំវិញការវាយប្រហារផ្ទួនៗលើនាវាដឹកប្រេងក្នុងតំបន់ខាងលើនេះ៕