(អង់ការ៉ា)៖ រដ្ឋមន្រ្តីការបរទេសតួកគី លោក ម៉េវលុយ ខាវូសូគ្លូ (Mevlut Cavusoglu) នាថ្ងៃសុក្រនេះបានព្រមានថា តួកគីនឹងចាត់វិធានការសងសឹកតបទៅវិញ ប្រសិនបើសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មមកលើទីក្រុងអង់ការ៉ា ដោយសារតែការទិញប្រព័ន្ធមីស៊ីល S-400 ពីរុស្ស៊ី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសុក្រ ទី១៤ ខែមិថុនា ឆ្នាំ២០១៩។

លោក Cavusoglu បាននិយាយដូច្នេះថា «ប្រទេសមួយពុំអាចទៅបញ្ជាឲ្យប្រទេសមួយទៀត ធ្វើរបៀបនេះ ឬរបៀបនោះតាមតែចិត្តខ្លួនបានឡើយ។ សហរដ្ឋអាមេរិកគួរតែបោះបង់ចោល នូវអាកប្បកិរិយារបៀបនេះទៅ ហើយប្រសិនបើអាមេរិកដាក់ទណ្ឌកម្មមកលើយើង អ៊ីចឹងពួកយើងច្បាស់ជានឹងត្រូវបង្ខំចិត្ត ចាត់វិធានការ ឆ្លើយតបទៅវិញ»។ លោក Cavusoglu ក៏ធ្លាប់បានបញ្ជាក់ដែរថា ពុំមាននរណាម្នាក់មានសិទ្ធិមកដាក់ឱសានវាទលើតួកគី ពាក់ព័ន្ធនយោបាយរបស់តួកគីនោះទេ។

គួរជម្រាបថា កន្លងមកតួកគីបានប្រកាន់ជំហរយ៉ាងរឹងមាំថា នឹងមិនបោះបង់ចោលកិច្ចព្រមព្រៀងទំហំ ២.៥ពាន់លានដុល្លារ ដើម្បីទិញប្រព័ន្ធមីស៊ីលរុស្ស៊ី S-400 ដាច់ខាត ខណៈទីក្រុងវ៉ាស៊ីនតោនបានព្រមានថា នឹងមិនលក់យន្តហោះចម្បាំង F-35 មកឲ្យតួកគី និងដាក់ទណ្ឌកម្មនៅក្រោមច្បាប់ CAATSA (ជាច្បាប់អាមេរិកផ្ទាល់ ទុកសម្រាប់ប្រឆាំងប្រទេសណាដែលទិញអាវុធពីរុស្ស៊ី ឬត្រូវបានចាត់ទុកជាសត្រូវ)។ ទាក់ទងកម្មវិធីអភិវឌ្ឍន៍យន្តហោះចម្បាំង F-35 ក្រសួងការពារជាតិអាមេរិក បានទុក ពេលឲ្យ តួកគីដល់ចុងខែកក្កដាដើម្បីសម្រេចចិត្តចុងក្រោយ ហើយបើនៅតែចចេសទទួលយក S-400 ពីរុស្ស៊ី តួកគីនឹងត្រូវកាត់ឈ្មោះចេញពីកម្មវិធីនេះ៕