(ហាណូយ)៖ យន្តហោះមួយគ្រឿងរបស់វៀតណាម បានធ្លាក់នៅខេត្តកាញ់ហាវ (Khanh Hoa) ភាគកណ្តាលប្រទេស ដែលនាំឲ្យអាកាសយានិកបញ្ជាការនៅលើនោះទាំងពីរនាក់បាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃសុក្រ ទី១៤ ខែមិថុនា ឆ្នាំ២០១៩។

យន្តហោះខាងលើនេះបានផ្ទុះឆេះភ្លាមៗ បន្ទាប់ពីវាបានធ្លាក់ទៅលើសង្កាត់ សូយតាន់ (Suoi Tan) ក្នុងស្រុក ខេមឡេម (Cam Lam) នៃខេត្តកាញ់ហាវ។ អាកាសយានិកម្នាក់បានស្លាប់នៅហ្នឹង កន្លែងកើតហេតុ ហើយម្នាក់ទៀតស្លាប់នៅពេលបញ្ជូនទៅកាន់គ្លីនិក ដែលស្ថិតនៅក្នុងតំបន់។ យន្តហោះខាងលើនេះត្រូវបានអាជ្ញាធរវៀតណាមអះអាងថា ជាកម្មសិទ្ធិរបស់សាលាយោធាជើងអាកាស។

គួរបញ្ជាក់ថា យន្តហោះខាងលើនេះគឺមានឈ្មោះ YAK-52 ជារបស់សាលាយោធា នៃកងវរសេនាធំលេខ ៩២០ បានបាត់ខ្លួនពីពីប្រព័ន្ធរ៉ាដាកាលពីវេលាម៉ោង ៩៖៣៥នាទីព្រឹកថ្ងៃសុក្រនេះ ហើយក្រោយមកទើបមានសេចក្តីរាយការណ៍ថា បានធ្លាក់នៅតំបន់ជើងភ្នំមួយនៃស្រុក ខេមឡេម តែម្តង។ បើតាមសារព័ត៌មានវៀតណាម VN Express មូលហេតុនៃការធ្លាក់នេះមិនទាន់មានការបញ្ជាក់នោះឡើយ ដោយវាកំពុងស្ថិតនៅក្នុងការស៊ើបអង្កេត៕