(ហ្សាការតា)៖ ក្រុមបក្សប្រឆាំងនៅប្រទេសឥណ្ឌូណេស៊ី បាននិងកំពុងព្យាយាមទទូចឲ្យតុលាការធម្មនុញ្ញ ចាត់ទុកជ័យជម្នះ ក្នុងការបោះឆ្នោតរបស់ប្រធានាធិបតី លោក Joko Widodo ជាមោឃៈ ហើយរៀបចំការបោះឆ្នោតជាថ្មីជាមួយការចោទប្រកាន់ថា ភាពជោគជ័យនេះគឺបាន មកតាមរយៈការបោះឆ្នោត ដែលមានការក្លែងបន្លំ និងការរំលោភអំណាច។ នេះបើតាមការដក ស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃសុក្រ ទី១៤ ខែមិថុនា ឆ្នាំ២០១៩។

លទ្ធផលផ្លូវការចេញផ្សាយដោយ គណៈកម្មការបោះឆ្នោតឥណ្ឌូណេស៊ីកាលពីខែឧសភា បានបង្ហាញថា លោក Widodo បានផ្តួលគូប្រជែងតាំងពីអាណត្តិមុខរបស់លោក គឺលោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ (Prabowo Subianto) ក្នុងការបោះឆ្នោតដែលបានប្រព្រឹត្តទៅ កាលពីខែមេសា ក៏ប៉ុន្តែលោក Subianto មិនបានទទួលស្គាល់លទ្ធផលនេះឡើយ។

ប្រការខាងលើនេះបានធ្វើឲ្យកើតមានការធ្វើបាតុកម្មតវ៉ា រហូតផ្ទុះជាអំពើហិង្សាពី សំណាក់ក្រុមអ្នកគាំទ្រលោក Subianto ជាមួយនិងកម្លាំងប៉ូលិសនៅក្នុងទីក្រុងហ្សាការតា កាលពីខែមុន។ ការប៉ះទង្គិចគ្នាពេលនោះបានបណ្តាលឲ្យមនុស្ស ០៨នាក់ស្លាប់ និងជាង ៩០០នាក់រងរបួស ហើយបាតុករជាច្រើននាក់ត្រូវបានចាប់ខ្លួន។

គួរជម្រាបថា ដើម្បីបង្ការកុំឲ្យមានភាពវឹកវរកើតឡើងបានទៀត ប៉ូលិសនិងកងទ័ពប្រមាណ ១៧,០០០នាក់ ត្រូវបានដាក់ពង្រាយក្នុងទីក្រុងហ្សាការតា ខណៈតុលាការធម្មនុញ្ញឥណ្ឌូណេស៊ី នឹងប្រកាសសាលក្រមពាក់ព័ន្ធបណ្តឹងតវ៉ា លើលទ្ធផលឆ្នោតពីសំណាក់ក្រុមបក្សប្រឆាំង នៅថ្ងៃទី២៨ ខែមិថុនានេះ៕