(ម៉ិចស៊ីកូស៊ីធី)៖ ប្រភពពីនាយករងម្នាក់របស់ក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះបានឲ្យដឹងថា Huawei កំពុងតែត្រៀមរៀបចំខ្លួនសម្រាប់ការដាក់ឲ្យដំណើរការ «ប្រព័ន្ធប្រតិបត្តិការ Hongmeng OS» ដើម្បីជំនួសប្រព័ន្ធប្រតិបត្តិការ Android OS របស់ក្រុមហ៊ុនអាមេរិក Google នៅក្នុងទីផ្សារប្រទេសចិន។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃសុក្រ ទី១៤ ខែមិថុនា ឆ្នាំ២០១៩។

លោក អាន់ឌ្រូ វីលៀមសុន (Andrew Williamson) ដែលជានាយករង ទទួលបន្ទុកផ្នែកទំនាក់ទំនង និងមុខងារសាធារណៈរបស់ក្រុមហ៊ុន Huawei បាន បង្ហើបឲ្យដឹងក្នុងបទសម្ភាសន៍មួយថា Huawei កំពុងស្ថិតក្នុងដំណាក់កាល នៃការត្រៀមលក្ខណៈបញ្ចេញប្រតិបត្តិការ Hongmeng OS របស់ខ្លួន ខណៈការប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android OS កំពុងតែប្រឈមនឹងហានិភ័យ ដោយសារការដាក់បម្រាមពីរដ្ឋាភិបាលអាមេរិក។

ថ្លែងចេញពីទីក្រុងម៉ិចស៊ីកូស៊ីធី នៃប្រទេសម៉ិចស៊ីកូ លោក Williamson បាននិយាយបញ្ជាក់ដូច្នេះថា «វាមិនមែនជារឿងដែល Huawei ចង់បាននោះទេ។ ពួកយើងពិតជារីករាយណាស់ ដែលបានក្លាយជាគ្រួសារ Android មកទល់ពេលនេះ ប៉ុន្តែ Hongmeng កំពុងតែស្ថិតក្រោមការធ្វើតេស្ត ដែលភាគច្រើនគឺនៅក្នុងប្រទេសចិនផ្ទាល់»។ Huawei ក៏ធ្លាប់បញ្ជាក់ផងដែរថា ខ្លួននៅតែចង់បាន Android និង Windows ជាប្រព័ន្ធដំណើរការចម្បងសម្រាប់អតិថិជនខ្លួនទូទាំងពិភពលោក ប៉ុន្តែប្រព័ន្ធ Hongmeng គឺជាផែនការទី ២ ដែលត្រូវបានរៀបចំជាច្រើនឆ្នាំមកហើយ ដើម្បីទប់ទល់ស្ថានការណ៍អាសន្នដូចពេលនេះ។

គួរជម្រាបថា ថ្មីៗនេះបើតាមការចុះផ្សាយរបស់កាសែតចិន Global Times ក្រុមហ៊ុនផលិតស្មាតហ្វូននៅប្រទេសចិនរួមមានក្រុមហ៊ុនធំៗដូចជា Xiaomi និង Oppo កំពុងតែធ្វើតេស្តដំណើរការប្រព័ន្ធប្រតិបត្តិការ Hongmeng ប៉ុន្តែព័ត៌មាននេះត្រូវបានក្រុមហ៊ុន Huawei ចេញពីមុខបដិសេធចោលថា មិនមែនជាការពិត។ ទោះបីជា Android OS ត្រូវបានចិនប្រើប្រាស់មែន ប៉ុន្តែវាមិនពេញលេញដូច Android សកលនោះឡើយ ព្រោះកម្មវិធីសំខាន់ៗត្រូវបានចិនហាមឃាត់មិនឲ្យមានដូចជា YouTube ជាដើម៕