(ម៉ូស្គូ)៖ នាយករដ្ឋមន្ត្រីរុស្ស៊ី លោក ឌីមីទ្រ ម៉េដវេដេវ (Dmitry Medvedev) បានលើកឡើង​នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ប្រទេសរុស្ស៊ីដែលជាអ្នកត្រួសត្រាយផ្លូវទៅរកទីអវកាសនោះ គ្មានមូលហេតុអ្វីដែលត្រូវបោះបង់តួនាទីទាំងឡាយរបស់ខ្លួនឡើយ ហើយយើងត្រូវតែស្តារភាពជាអ្នកដឹកនាំនេះឡើងវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃសុក្រ ទី១៤ ខែមិថុនា ឆ្នាំ២០១៩។

លោក ម៉េដវេដេ បានលើកឡើងនៅក្នុងកិច្ចប្រជុំមួយ នៃអង្គការអវកាសរុស្ស៊ី Roscosmos និងដៃគូសហប្រតិបត្តិការដទៃៗទៀតយ៉ាងដូច្នេះថា «វាមិនមែនដើម្បីតែកិត្យានុភាពជាតិមួយមុខ​ប៉ុណ្ណោះទេ ប៉ុន្តែក៏ឈរលើកត្តាសន្តិសុខជាតិផងដែរ...។ រដ្ឋាភិបាលរុស្ស៊ីកំពុងធ្វើការវិនិយោគធំធេងណាស់ ទៅក្នុងវិស័យសិក្សាស្រាវជ្រាវនៅទីអវកាស និងបានរំពឹងអំពីលទ្ធផលគាប់ប្រសើរ​មកវិញផងដែរ»

គួរបញ្ជាក់ថា បើតាមការបង្ហើបពីនាយករដ្ឋមន្ត្រីរុស្ស៊ី រដ្ឋាភិបាលទីក្រុងម៉ូស្គូបានរៀបចំផែនការ​ចំណាយរហូតដល់ទៅ ៤ពាន់លានដុល្លារអាមេរិក សម្រាប់កម្មវិធីអភិវឌ្ឍន៍វិស័យអវកាស​ឆ្នាំ២០១៩ ហើយភាគច្រើននៃថវិកាជាតិទាំងនេះ ត្រូវបានបញ្ជូនទៅឲ្យអង្គការ Roscosmos។ ដោយឡែកនៅមុនដំណាច់ឆ្នាំ២០១៩ រដ្ឋាភិបាលរុស្ស៊ីនឹងរៀបចំថវិកាប្រមាណ ៣ពាន់លានដុល្លារទៀត សម្រាប់ទ្រទ្រង់គំរោងអវកាសដូចគ្នា៕