(កាលីហ្វរញ៉ា)៖ ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុនផលិតរថយន្ត ថេស្លា (Tesla) របស់អាមេរិកគឺ លោក អេឡូន ម៉ាសក៍ (Elon Musk) បានប្រាប់ថា ក្រុមហ៊ុនលោកមួយនេះ បានរចនាឡើងនូវរថយន្តដែលមានមុជទឹកបាន ព្រមទាំងរថយន្តអគ្គិសនី ដែលសាកម្តងអាចរត់បានចម្ងាយជិត ៦៥០គីឡូម៉ែត្រ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី​សារព័ត៌មានរុស្ស៊ី Sputnik នៅល្ងាចថ្ងៃពុធ ទី១២ ខែមិថុនា ឆ្នាំ២០១៩។

ថ្លែងក្នុងកិច្ចប្រជុំមួយជាមួយបណ្តាម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla នៅឯទីក្រុង ម៉ោនធេនវីយូ (Mountain View) នៃរដ្ឋកាលីហ្វរញ៉ា លោក Musk បានបង្ហើបឲ្យដឹងដូច្នេះថា Tesla បានសំងំធ្វើការរចនារថយន្តពិសេសមួយ ដែលមានសមត្ថភាពអាចមុជចូលក្រោមទឹកបាន ដូចក្នុងខ្សែភាពយន្ត ចេមស៍ ប៊ន (James Bond) ឆ្នាំ១៩៧៧ ដែលមានចំណងជើងថា «The Spy Who Loved Me» យ៉ាងដូច្នោះដែរ។ បើតាមលោក Musk នាពេលខាងមុខ ក៏នឹងមានការបង្ហាញរូបរាងរថយន្ត ដើរដោយថាមពលអគ្គិសនីដ៏អស្ចារ្យ ដែលសាកអាគុយម្តងអាចធ្វើដំណើរបានចម្ងាយជិត ៦៥០គីឡូម៉ែត្រផងដែរ។

គួរជម្រាបថា នាឱកាសនោះលោក Elon Musk បានសន្យាចំពោះមុខម្ចាស់ភាគហ៊ុនទាំងអស់ថា នៅឆ្នាំក្រោយម្ចាស់រថយន្ត Tesla ទាំងឡាយនឹងអាចប្រើប្រាស់មុខងារបើកបរដោយស្វ័យប្រវត្តិ នៅក្នុងរថយន្តរបស់ពួកគេបានយ៉ាងពេញលេញតែម្តង។ ក្រៅពីក្រុមហ៊ុន Tesla លោក Elon Musk ក៏កំពុងសកម្មផងដែរនៅក្នុងការគ្រប់ក្រុមហ៊ុនយក្សរបស់លោកមួយទៀត នោះគឺ SpaceX ដោយគំរោងធំៗកំពុងស្ថិតនៅក្នុងដៃ ជាពិសេសការអភិវឌ្ឍគ្រាប់រ៉ុក្កែតទំនើបចុងក្រោយ៕