(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នឹងចេញសេចក្តីអាសន្នថ្នាក់ជាតិថ្មីមួយ ដើម្បីយកលេសដំឡើងពន្ធ ០៥ភាគរយលើផលិតផលនាំចូលពីម៉ិចស៊ីកូ ជាការឆ្លើយបតបទៅនឹងរដ្ឋាភិបាលម៉ិចស៊ីកូ ដែលបរាជ័យទប់ស្កាត់លំហូរនៃជនអន្តោប្រវេសន៍ ខុសច្បាប់ចូលមកកាន់តំបន់ព្រំដែនរវាងប្រទេសទាំងពីរ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសុក្រ ទី០៧ ខែមិថុនា ឆ្នាំ២០១៩។

ព័ត៌មានស្ដីពីប្រកាសភាពអាសន្នថ្នាក់ជាតិរបស់លោក ត្រាំ ត្រូវបានរាយការណ៍មុនគេដោយ សារព័ត៌មាន The Hill នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដោយផ្អែកលើសេចក្ដីព្រាងប្រកាសភាពអាសន្នថ្មីមួយ ដែលខ្លួនទទួលបានថ្មីៗបំផុត។ The Hill បានឱ្យដឹងទៀតថា គម្រោងប្រកាសភាពអាសន្ននេះ អាចនឹងត្រូវធ្វើឡើងជា ការបន្ថែមលើភាពអាសន្នដែលលោក ត្រាំ បានប្រកាសដាក់ចេញកាលពីខែកុម្ភៈ ក្នុងគោលបំណងសាងសង់ជញ្ជាំងព្រំដែនជាមួយមិចស៊ីកូ។

បន្ថែមពីលើនេះ គម្រោងប្រកាសភាពអាសន្នថ្មីនេះទៀតសោត គឺធ្វើឡើងជាការឆ្លើយតបទៅនឹង រដ្ឋាភិបាលម៉ិចស៊ីកូសម្រាប់ការបរាជ័យក្នុងការទប់ស្កាត់ ជនអន្តោប្រវេសន៍ខុសច្បាប់ចូលមកក្នុងទឹកដី អាមេរិកដោយឆ្លងកាត់ព្រំដែនមិចស៊ីកូ។

គួរជម្រាបថា កាលពីសប្ដាហ៍មុនលោក ដូណាល់ ត្រាំ បានព្រមានថា អាមេរិកនឹងដំឡើងពន្ធ ០៥ភាគរយលើទំនិញទាំងអស់ដែលនាំចូលពីមិចស៊ីកូ។ ការដំឡើងពន្ធនេះនឹងត្រូវចូលជាធរមាន នៅថ្ងៃចន្ទសប្ដាហ៍ក្រោយ ហើយនឹងកើនឡើងជាបន្តបន្ទាប់រហូតដល់ ២៥ភាគរយ នៅខែតុលាខាងមុខនេះ បើមិចស៊ីកូនៅតែមិនអាចដោះស្រាយបញ្ហាជនអន្តោប្រវេសន៍បានទៀត៕