(វ៉ាស៊ីនតោន)៖ អាចថាជាទណ្ឌកម្មស្រាលៗលើកដំបូង ដែលសហរដ្ឋអាមេរិកសម្រេចដាក់ទៅលើ​តួកគីដែលជាសម្ព័ន្ធមិត្តក្នុងអង្គការ NATO ដូចគ្នា តាមរយៈការលែងអនុញ្ញាតឲ្យអាកាសយានិក​មកពីតួកគីចូលហ្វឹកហ្វឺនជំនាញបើកបរយន្តហោះចម្បាំង F-35 តទៅទៀត ស្ថិតក្រោមលេសថា វានឹងអាចបង្កការគំរាមកំហែង ដល់យន្តហោះចម្បាំងប្រភេទបំបាំងកាយនេះ ហើយវាក៏ជាការឆ្លើយតបដំបូងទៅនឹងភាពរឹងទទឹងរបស់តួកគី ក្នុងការទិញប្រព័ន្ធការពារមីស៊ីលរុស្ស៊ី S-400 មិនព្រមលែង។ នេះបើតាមការចេញផ្សាយដោយ Sputnik នាព្រឹកថ្ងៃសុក្រ ទី០៧ ខែមិថុនា ឆ្នាំ២០១៩។

មន្ត្រីរដ្ឋាភិបាលអាមេរិកបានបញ្ជាក់ប្រាប់ ទីភ្នាក់ងារព័ត៌មាន Reuters ដោយមិនបញ្ជាក់​អត្តសញ្ញាណថា សហរដ្ឋអាមេរិក​សម្រេចចិត្តលែងទទួលយក អាកាយានិកថ្មីៗទៀតមកពីតួកគី ឲ្យចូលមកកាន់មូលដ្ឋានហ្វឹកហ្វឺន​ជំនាញ បញ្ជាការហោះហើរយន្តហោះចម្បាំង F-35 ខណៈបណ្តាពីឡុតដែលត្រូវបាន​ព្រមព្រៀងទទួលយករួចទៅហើយ គឺអាចបន្តបានរហូតបញ្ចប់វគ្គហ្វឹកហ្វឺន។ មន្ត្រីអាមេរិកថែមទាំងបានបញ្ជាក់ទៀតថា ការសម្រេចចិត្តជាថ្មីទៀតអាចធ្វើឡើង លុះត្រាតែមានការផ្លាស់ប្តូរជំហរឡើងវិញ ពីសំណាក់រដ្ឋាភិបាលទីក្រុងអង់ការ៉ា។

គួរបញ្ជាក់ថា គេមិនទាន់ឃើញមានប្រតិកម្មណាមួយ ពីសំណាក់ប្រទេសតួកគីនៅឡើយទេ ជុំវិញសេចក្តីរាយការណ៍ព័ត៌មានខាងលើនេះ ប៉ុន្តែបើតាមចាំកន្លងមកប្រទេសតួកគីបានបញ្ជាក់ថា សហរដ្ឋអាមេរិកមិនអាចបញ្ឈប់កិច្ចព្រមព្រៀង ឬធ្វើទុក្ខបុកម្នេញណាមួយ​មកលើតួកគី​ពាក់ព័ន្ធនឹងការចូលរួមអភិវឌ្ឍន៍ F-35 ដែលជាប្រភេទយន្តហោះចម្បាំងបំបាំងកាយ​នេះឡើយ ព្រោះតួកគីគឺជាប្រទេសមួយក្នុងចំណោមប្រទេសធំៗ ដែលបានចូលរួមបង្កើតវាឡើង៕