(ម៉ូស្គូ)៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងប្រភេទ Boeing 737 ដែលមានគោលដៅឆ្ពោះ​ទៅកាន់ទីក្រុងប៊ែរឡាំង នៃប្រទេសអាល្លឺម៉ង់ បានធ្វើការបកយកមកចុះចតយ៉ាងបន្ទាន់​នៅទីក្រុងម៉ូស្គូប្រទេសរុស្ស៊ី ក្រោយពីមានសេចក្តីរាយការណ៍ថា មានបញ្ហាផ្នែកបច្ចេកទេស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នាយប់ថ្ងៃអង្គារ ទី០៤ ខែមិថុនា ឆ្នាំ២០១៩។

យន្តហោះខាងលើនេះបានធ្វើការចុះចតនៅព្រលានយន្តហោះ Vnukovo ស្ថិតនៅជាយទីក្រុង​ម៉ូស្គូ ជាមួយមនុស្សជិះនៅលើនោះសរុប ១០១នាក់។ យ៉ាងណាក៏ដោយ មិនទាន់មានការបញ្ជាក់ភាពជាក់លាក់ នៃបញ្ហាផ្នែកបច្ចេកទេសយន្តហោះខាងលើនេះឡើយ ប៉ុន្តែហេតុការណ៍ថ្មីនេះបានកើតមានឡើងបន្ទាប់ពី អាជ្ញាធរអាកាសចរណ៍ស៊ីវិលអាមេរិក FAA បានប្រកាសថា ត្រកូលយន្តហោះ Boeing 737 MAX ទាំងអស់ទំនងជាត្រូវបានផលិតឡើង ដោយមានបញ្ហាមួយចំនួនផ្នែកបច្ចេកទេស ប៉ុន្តែ FAA មិនទាន់អាចបញ្ជាក់ថា វាអាចជាមូលហេតុដែល​បង្កឲ្យយន្តហោះអេត្យូពី និងឥណ្ឌូណេស៊ីធ្លាក់នោះឡើយ៕