(ប៉េកាំង)៖ ក្រសួងវប្បធម៌និងទេសចរណ៍នៃប្រទេសចិន ថ្ងៃអង្គារនេះ បានចេញសារមួយណែនាំប្រជាពលរដ្ឋខ្លួន ឲ្យបង្កើនការ​ប្រុងប្រយ័ត្ន មុនពេលចេញដំណើរទៅទេសចរណ៍នៅសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន​ចិន CGTN នៅល្ងាចថ្ងៃអង្គារ ទី០៤ ខែមិថុនា ឆ្នាំ២០១៩។

ដោយសង្កត់ធ្ងន់លើហេតុផលថា មានករណីបាញ់ប្រហារ និងចោរកម្មកើតឡើងជាញឹកញយ នៅសហរដ្ឋអាមេរិក អំឡុងមួយ​រយៈថ្មីៗនេះ ក្រសួងវប្បធម៌និងទេសចរណ៍ចិន ក៏បានទទូចឲ្យទេសចរចិនទាំងអស់ ធ្វើការពិចារណាឲ្យបានល្អិតល្អន់ ចំពោះ​ហានិភ័យនៃការធ្វើដំណើរកម្សាន្តនៅក្នុងទឹកដីអាមេរិក។ ជាមួយគ្នានេះ អ្នកទេសចរចិន ក៏ត្រូវបានអំពាវនាវឲ្យព្យាយាមស្វែង​យល់នូវព័ត៌មានអំពីស្ថានភាពសន្តិសុខសាធារណៈ និងច្បាប់ពាក់ព័ន្ធនានា នៅគោលដៅទេសចរណ៍របស់ពួកគេ ដើម្បីបង្កើន​​​​ការទប់ស្កាត់ឧបទ្ទវហេតុផ្សេងៗ និងបង្កើនការប្រុងប្រយ័ត្នខ្លួនដើម្បីសុវត្ថិភាព។

គួរជម្រាបថា សារាចរណ៍ណែនាំឲ្យប្រុងប្រយ័ត្នក្នុងការធ្វើដំណើរនៅក្រៅប្រទេសខាងលើនេះ នឹងមានសុពលភាពរហូតដល់​ថ្ងៃ​ទី៣១ ខែធ្នូ ឆ្នាំ២០១៩។ កាលពីថ្ងៃចន្ទម្សិលមិញ ក្រសួងអប់រំចិន ក៏បានចេញសារណែនាំឲ្យនិស្សិតចិន វាយតម្លៃល្អិតល្អន់​​អំពី​ការចេញទៅសិក្សានៅក្នុងទឹកដីអាមេរិកផងដែរ ដោយសារតែការរឹតត្បិតទិដ្ឋាការនៅទីនោះ៕