(ប៉េកាំង)៖ ក្រសួងពាណិជ្ជកម្មចិន បានបញ្ជាក់ថា ចិនមិនអាចទទួលយកបានដាច់ខាត ប្រសិនបើប្រទេសដែលនាំចូលធនធានរ៉ែ កម្រ Rare Earth របស់ប្រទេសចិន ប្រើប្រាស់ធនធាននេះទៅផលិតចេញជាផលិតផល ដែលប្រឆាំងមកលើចិន ឬក៏ដាក់សម្ពាធ មកលើការអភិវឌ្ឍក៏ដូចជាផលប្រយោជន៍របស់ចិន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃព្រហស្បតិ៍ ទី៣០ ខែឧសភា ឆ្នាំ២០១៩។
លោក Gao Feng អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បានលើកឡើងបែបនេះ ដោយមិនមានបញ្ជាក់ឈ្មោះប្រទេសណាមួយចំៗ ឡើយ។ យ៉ាងណាមិញ ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង កាលពីសប្តាហ៍មុន ទៅកាន់រោងចក្រកែច្នៃ ធនធានរ៉ែ Rare Earth ដ៏ធំបំផុតនៅក្នុងប្រទេស បានធ្វើឲ្យមានការសន្និដ្ឋានថា ចិនអាចនឹងប្រើគោលជំហរដែលមានប្រៀបរបស់ ខ្លួន ក្នុងនាមជាអ្នកផ្គត់ផ្គង់ធនធានរ៉ែដ៏សំខាន់នេះធំជាងគេនៅលើពិភពលោក ធ្វើជាអាវុធដើម្បីតតាំងនៅក្នុងសង្រ្គាមពាណិជ្ជកម្ម ជាមួយអាមេរិក ដោយសម្អាងថា អាមេរិកពឹងផ្អែកខ្លាំងលើការនាំចូលធនធាននេះ ជាពិសេសគឺពីចិនតែម្តង។
កាលពីថ្ងៃពុធសប្តាហ៍នេះ កាសែតរដ្ឋចិន People's Daily ក៏បានចេញមុខព្រមានទីក្រុងវ៉ាស៊ីនតោន ជុំវិញការផ្គត់ផ្គង់ធនធានរ៉ែ Rare Earth នេះផងដែរ ខណៈពួកវាជាសមាសធាតុផ្សំយ៉ាងសំខាន់ នៅក្នុងការអភិវឌ្ឍក៏ដូចជាផលិតគ្រឿងបច្ចេកវិទ្យាទំនើបៗ ព្រមទាំងបរិក្ខាយោធា និងសព្វាវុធជាដើម៕