(ហុងគ្រី)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋហុងគ្រី បានរាយការណ៍ថាមនុស្សយ៉ាងហោចណាស់៧នាក់បានស្លាប់ និង១៩នាក់បាត់ខ្លួន ក្រោយទូកដឹកភ្ញៀវទេសចរណ៍មួយគ្រឿងលិចចូលទឹក Danube ស្ថិតក្នុងរដ្ឋ Budapest ប្រទេសហុងគ្រី។ នេះបើតាមការដកស្រង់ចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែឧសភា ឆ្នាំ២០១៩។

យោងតាម ប្រព័ន្ធផ្សព្វផ្សាយរដ្ឋហុងគ្រី MTI មនុស្ស៣៣នាក់ ភាគច្រើនជាភ្ញៀវទេសចរណ៍មកពី កូរ៉េខាងត្បូង បានស្ថិតនៅលើទូកឈ្មោះ Hableany នៅពេលដែលទូកមួយនេះបុកគ្នាជាមួយទូកមួយ គ្រឿងផ្សេងទៀត។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង២២៖០០នាទីយប់ ថ្ងៃពុធសប្ដាហ៍នេះ នៅឯទន្លេ Danube ដែលជាតំបន់ទេសចរណ៍ដ៏មានប្រជាប្រិយភាព។

គួរបញ្ជាក់ថា ទូកឈ្មោះ Hableany ដែលលិចខាងលើ មានមានសមត្ថភាពផ្ទុកអ្នកដំណើរ៤៥នាក់។ ចំណែកឯ ក្រសួងការបរទេសកូរ៉េខាងត្បូង ក៏បានទទួលស្គាល់ដែរថាពលរដ្ឋកូរ៉េខាងត្បូង១៩នាក់ បាន បាត់ខ្លួន ខណៈអាជ្ញាធរហុងគ្រីកំពុងដឹកនាំប្រតិបត្តិការស្វែងរក និងជួយសង្រ្គោះ៕