(តូក្យូ)៖ អ្នកនាំពាក្យសេតវិមានលោកស្រី សារ៉ាហ៍ សេនដឺស (Sarah Sanders) បាននិយាយថា ប្រធានាធិបតីលោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន យល់ស្របដូចគ្នាថា អតីតអនុប្រធានាធិបតីអាមេរិកជំនាន់លោក អូបាម៉ា គឺលោក ចូ បៃដិន (Joe Biden) ជា «មនុស្សឆ្កួត និងខ្សោយបញ្ញា»។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ២០១៩។

ការថ្លែងរបស់លោកស្រី Sanders ធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ NBC កាលពីថ្ងៃអាទិត្យ ដោយអ្នកនាំពាក្យសេតវិមានរូបនេះបានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំជឿជាក់ពួកគាត់ (លោក ត្រាំ និងលោក គីម) យល់ឃើញដូចគ្នា ចំពោះការវិនិច្ឆ័យរបស់ពួកគេ លើអតីតប្រធានាធិបតី លោក Joe Biden... ហើយលោកប្រធានាធិបតី ត្រាំ ក៏មិនត្រូវការនរណាម្នាក់ផ្ដល់ការវិនិច្ឆ័យលើលោក Biden ឱ្យគាត់នោះដែរ តែគាត់គឺជាអ្នកវិនិច្ឆ័យដោយខ្លួនឯង»

គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន ទូរទស្សន៍រដ្ឋកូរ៉េខាងជើង KCNA បានហៅថា លោក Joe Biden ដែលបច្ចុប្បន្នជាបេក្ខជនប្រធានាធិបតីអាមេរិកមកពីគណបក្សប្រជាធិបតេយ្យថា ជា «មនុស្សឆ្កួត និងខ្សោយបញ្ញា» ហើយការលើកឡើងបែបនេះគឺជាការឆ្លើយតបនឹងលោក Biden ដែលបានហៅលោក គីម ជុងអ៊ុន ថាជាជនពាល និងជនផ្ដាច់ការ៕