(តេហេរ៉ង់)៖ ឆ្លើយតបទៅនឹងស្ថានការណ៍ដែលកំពុងតែក្តៅគគុកខ្លាំងឡើងៗ បន្ទាប់ពីលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកបានអះអាងថា នឹងបញ្ជូនទ័ពបន្ថែម ១,៥០០នាក់ ទៅកាន់តំបន់មជ្ឈិមបូព៌ាដើម្បីទប់ទល់នឹងអ៊ីរ៉ង់នោះ មន្ត្រីយោធាអ៊ីរ៉ង់ក៏បានបង្ហើបតបវិញផងដែរថា អ៊ីរ៉ង់មានអាវុធសម្ងាត់ ដែលអាចបាញ់ពន្លិចនាវាចម្បាំងរបស់អាមេរិកបាន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នារសៀលថ្ងៃសៅរ៍ ទី២៥ ខែឧសភា ឆ្នាំ២០១៩។

លោកឧត្តមសេនីយ ម័រតេហ្សា កូបានី (Morteza Qorbani) ទីប្រឹក្សានៃអគ្គបញ្ជាការយោធាអ៊ីរ៉ង់ បានប្រាប់សារព័ត៌មានរដ្ឋ Mizan យ៉ាងដូច្នេះថា «សហរដ្ឋអាមេរិកកំពុងតែចល័តនាវាចម្បាំងពីរគ្រឿង ចូលមកក្នុងតំបន់... ប្រសិនបើពួកគេហ៊ានឆ្កួតលីលាតែបន្តិចនោះ យើងនឹងបញ្ជូននាវាទាំងនោះ ទៅកាន់បាតសមុទ្រ ហើយក្រុមនាវិក និងយន្តហោះចម្បាំងក៏ទៅជាមួយគ្នានោះដែរ ដោយប្រើប្រាស់មីស៊ីលតែពីរគ្រាប់ ឬអាវុធសម្ងាត់របស់យើងតែពីរគ្រាប់ប៉ុណ្ណោះ...»

គួរបញ្ជាក់ថា ជុំវិញស្ថានការណ៍តានតឹងជាក់ស្តែងរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកខាងលើនេះ បានកើតមានឡើងបន្ទាប់ពីសហរដ្ឋអាមេរិកចោទប្រកាន់ប្រទេសអ៊ីរ៉ង់ថា កំពុងរៀបចំផែនការ វាយប្រហារលើសម្ព័ន្ធមិត្តអាមេរិកនានានៅក្នុងតំបន់ ហើយការបញ្ជូនសព្វាវុធគ្រប់ ប្រភេទ និងទ័ពផងដែរទៅកាន់តំបន់មជ្ឈិមបូព៌ា គឺអាមេរិកអះអាងថា ដើម្បីទប់ស្កាត់សង្គ្រាមកុំឲ្យផ្ទុះឡើង និងមិនមែនជាការបង្កសង្គ្រាមនោះឡើយ៕