(តូក្យូ)៖ គ្រោះរញ្ជួយដីមួយកម្រិត ៥.‌១រ៉ិចទ័រ វាយប្រហារខេត្តឈីបា (Chiba) ភាគកណ្តាលប្រទេសជប៉ុន ក៏ប៉ុន្តែវាពុំបានបង្កឲ្យមានការគំរាមកំហែង​ពីរលកយក្សស៊ូណាមិនោះទេ ខណៈរំញ័រនេះក៏បានកើតមានទៅលើទីក្រុងតូក្យូផងដែរ ដែលស្ថិតនៅក្បែរគ្នា នាំអគារជាច្រើនមានរំញ័រតិចៗ។ នេះបើតាមការដកស្រង់​ការផ្សាយចេញពី​សារព័ត៌មាន Sputnik នៅរសៀលថ្ងៃសៅរ៍ ទី២៥ ខែឧសភា ឆ្នាំ២០១៩។

ចំណុចរំញ័រនៃគ្រោះរញ្ជួយដីខាងលើស្ថិតនៅក្បែរឧបទ្វីប បូសូ (Boso) ភាគអាគ្នេយ៍ទីក្រុងតូក្យូ និងមានជម្រៅ ៤០គីឡូម៉ែត្រ។ ទោះបីជា វាទំនងមិនបានបណ្តាលឲ្យមនុស្សរងគ្រោះ ឬក៏ការបំផ្លិចបំផ្លាញយ៉ាងណាក្តី ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលទៅ តាមតំបន់ប្រជុំជនមួយចំនួនរួមទាំងតូក្យូផងដែរ។

គួរជម្រាបថា មិនខុសពីប្រទេសមួយចំនួននៅអាស៊ីអាគ្នេយ៍នោះឡើយ ជប៉ុនស្ថិតនៅតំបន់ដែលគេហៅថា ខ្សែក្រវាត់ភ្នំភ្លើងដែលព័ទ្ធជុំវិញមហាសមុទ្រប៉ាស៊ីហ្វិក ជាទីកន្លែងសម្បូរឲ្យសកម្មភាពរញ្ជួយដីធ្ងន់ៗ។ កាលពីឆ្នាំ២០១១ គឺជាពេលដែលប្រទេសជប៉ុន បានរងគ្រោះធ្ងន់ធ្ងរបំផុតពីគ្រោះធម្មជាតិ នៅពេលរញ្ជួយដីកម្រិតធ្ងន់ដល់ទៅ ៩.០រ៉ិចទ័រ បានបង្កជារលកយក្សស៊ូណាមិ ដែលបាន ផ្តាច់ជីវិតមនុស្សជាង ១៥,០០០នាក់ និងការកើតមានមហន្តរាយ​ផ្ទុះរោងចក្រនុយក្លេអ៊ែរ Fukushima៕