(រីយ៉ូ)៖ អាជ្ញាធរប្រេស៊ីលនៅថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅអាមេរិកខាងត្បូង) បានចេញសេចក្តីព្រមានមួយអំពីបាក់ទំនប់ទឹក នៅតំបន់រុករករ៉ែដ៏ធំមួយកន្លែងនៃរដ្ឋ មីណាស់ ហ្គែរែស (Minas Gerais) ដែលអាចបង្កឲ្យមនុស្សរាប់ពាន់នាក់រងគ្រោះថ្នាក់។ នេះបើតាម​ការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃសៅរ៍ ទី២៥ ខែឧសភា ឆ្នាំ២០១៩។

ទីភ្នាក់ងាររុករករ៉ែជាតិរបស់ប្រេស៊ីលហៅកាត់ថា ANM កំពុងតែពិនិត្យយ៉ាងល្អិតល្អន់ ទៅលើតំបន់រករករ៉ែដ៏ធំរបស់ក្រុមហ៊ុន វ៉ាល (Vale) នៅក្នុងរដ្ឋខាងលើនេះ ដោយសារតែវាអាចកើតមានរឿងអតីតកាលឡើងវិញ ដូចកាលពីការបាក់ទំនប់ទឹកនៅ​តំបន់រុករករ៉ែរបស់ក្រុមហ៊ុន Vale ដូចគ្នា នៅតំបន់ប្រ៊ូម៉ាឌីញ៉ូ (Brumadinho) ស្ថិតក្នុងរដ្ឋ មីណាស់ ហ្គែរែស ដដែលនេះ។

គួរបញ្ជាក់ថា កាលពីខែមករា ឆ្នាំ២០១៩ ទំនប់ទឹកមួយស្ថិតនៅតំបន់រុករ៉ែ Brumadinho បានបាក់ និងបណ្តាលឲ្យតំបន់ទាំងមូលត្រូវជន់លិច ខណៈមនុស្សរហូតដល់ ២០៦នាក់បានស្លាប់ និងជាច្រើននាក់ទៀតបន្តបាត់ខ្លួន។ មេរៀនដ៏ធំមួយនេះ បានធ្វើឲ្យប្រទេសប្រេស៊ីល ត្រួតពិនិត្យប្រព័ន្ធសុវត្ថិភាពឡើងវិញនៅតាមបណ្តាទំនប់ទឹក និងទំនប់វារីអគ្គិសនីនៅទូទាំងប្រទេស៕