(វ៉ាស៊ីនតោន)៖ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) នាថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានឲ្យដឹងថា រដ្ឋបាលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានសម្រេចចាប់ផ្តើមនីតិវិធី ដើម្បីលក់អាវុធទៅឲ្យ អារ៉ាប៊ីសាអូឌីត អេមីរ៉ាត់អារ៉ាប់រួម និងហ៊្សកដានី ដោយពុំចាំបាច់ការអនុម័តពីសភាឡើយ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃសៅរ៍ ទី២៥ ខែឧសភា ឆ្នាំ២០១៩។

បើតាមលោកប្រមុខការទូតអាមេរិក ការធ្វើបែបនេះគឺដោយសារតែ បើមានការពន្យារពេលយឺតយ៉ាវណាមួយ អាចនឹងធ្វើឲ្យ ហានិភ័យកើនឡើងសម្រាប់ប្រទេសជាដៃគូរបស់អាមេរិក នៅចំពោះមុខអស្ថិរភាព ដែលបង្កឡើងដោយប្រទេសអ៊ីរ៉ង់។ លោក Pompeo បានលើកឡើងដូច្នេះថា «ការលក់អាវុធទាំងនេះនឹងពង្រឹងស្ថិរភាពនៅមជ្ឈិមបូព៌ា ព្រមទាំងជួយសម្ព័ន្ធមិត្តរបស់យើង ការពារខ្លួនពួកគេពីការគំរាមកំហែងរបស់អ៊ីរ៉ង់»។ យ៉ាងណាមិញលោក Pompeo បានបញ្ជាក់ថា ការសម្រេចដើររំលងសភានេះ នឹងជារឿងតែម្តងគត់គ្មានលើកទីពីរនោះទេ។

គួរជម្រាបថា ព័ត៌មានស្តីពីរដ្ឋបាលលោក ដូណាល់ ត្រាំ មានគម្រោងលក់អាវុធគិតជាតម្លៃជាង ៨ពាន់លានដុល្លារ ទៅកាន់បណ្តាប្រទេសនៅមជ្ឈិមបូព៌ា ដោយមិនចាំបាច់សភាអនុម័តខាងលើនេះ បានលេចឡើងដំបូងកាលពីថ្ងៃព្រហស្បតិ៍ ដោយកាសែតអាមេរិក New York Time៕