(វ៉ាស៊ីនតោន)៖ បន្ទាប់ពីទើប តែបាននិយាយថា សហរដ្ឋអាមេរិកហាក់មិនចាំបាច់ត្រូវបញ្ជូនទ័ពបន្ថែមទៅកាន់មជ្ឈិមបូព៌ាទេនោះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នាថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានឲ្យដឹងថា ប្រទេសលោក នឹងបញ្ជូនកងទ័ពបន្ថែមប្រមាណ១,៥០០នាក់ ទៅមជ្ឈិមបូព៌ា នៅចំពោះមុខការកើនឡើងនៃភាពតានតឹងជាមួយអ៊ីរ៉ង់។ នេះបើតាម ការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី២៥ ខែឧសភា ឆ្នាំ២០១៩។

លោក ដូណាល់ ត្រាំ បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មាន នៅឯសេតវិមានថា ការចល័តកងទ័ពបន្ថែមក្នុងចំនួនតិចតួចនេះ គឺ ជា ចំណាត់ការត្រៀមការពារខ្លួនតែប៉ុណ្ណោះ។ លោក ត្រាំ បានប្រកាសពីដំណឹងនេះ បន្ទាប់ពីរូបលោកបានទទួលជ្រាបពីផែនការស្តីពី ការដាក់ពង្រាយកងទ័ពរបស់ក្រសួងការពារជាតិអាមេរិក។ ប៉ុន្តែ កាលពីថ្ងៃព្រហស្បតិ៍ លោក ដូណាល់ ត្រាំ បានបង្ហាញការយល់ ឃើញរបស់លោកថា អាមេរិកហាក់មិនចាំបាច់ត្រូវបញ្ជូនទ័ពបន្ថែមទៅមជ្ឈិមបូព៌ា ដើម្បីទប់ទល់នឹងអ៊ីរ៉ង់នោះទេ។

គួរជម្រាបថា មួយរយៈចុងក្រោយនេះ ភាពតានតឹងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ បានកើនឡើងកម្តៅខ្លាំង បន្ទាប់ពី អាមេរិកបានចល័តសព្វាវុធជាច្រើនប្រភេទ ទៅកាន់តំបន់មជ្ឈិមបូព៌ា ដើម្បីជាសារព្រមានដល់អ៊ីរ៉ង់ ដែលត្រូវខ្លួន អះអាងថា មាន ផែនការអាក្រក់ចង់វាយប្រហារមកលើកងទ័ពអាមេរិក និងសម្ព័ន្ធមិត្តនៅក្នុងតំបន់៕