(ឡុងដ៍)៖ នៅទីបំផុតដូចការរំពឹងទុក នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May បានកំណត់យក ថ្ងៃសុក្រ ទី០៧ ខែមិថុនាខាងមុខនេះ ជាកាលបរិចេ្ឆទលាលែងចេញពីតំណែង។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៤ ខែឧសភា ឆ្នាំ២០១៩។

ការប្រកាសខាងលើរបស់ លោកស្រី May ធ្វើឡើងបន្ទាប់ពីបានជួបប្រជុំជាមួយប្រធានគណៈកម្មាធិការ អភិរក្សនិយម១៩២២ នៅថ្ងៃសុក្រនេះ ដើម្បីកំណត់កាលបរិចេ្ឆទលាលែងចេញពីតំណែង សំដៅបើកផ្លូវឱ្យ មានការប្រកួតប្រជែងជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីបន្តពីលោកស្រី។ ប៉ុន្តែទន្ទឹមគ្នា បើតាមមន្ត្រីអង់គ្លេស ជាច្រើននាក់ លោកស្រី May អាចនឹងបន្តកាន់តំណែង ជានាយករដ្ឋមន្ត្រីបណ្ដោះអាសន្នសិន រហូតដល់ អ្នកបន្តវេនថ្មីត្រូវបានជ្រើសរើស។

គួរបញ្ជាក់ថា ការប្រកួតប្រជែងជ្រើសរើសនាយករដ្ឋមន្ត្រីអង់គ្លេស អាចនឹងចាប់ផ្ដើមនៅថ្ងៃទី១០ ខែមិថុនា ពោលគឺបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បំពេញទស្សនកិច្ចនៅអង់គ្លេស។ លោកស្រី May បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីអង់គ្លេសនៅខែកក្កដា ឆ្នាំ២០១៦។ តែបច្ចុប្បន្ន លោកស្រី កំពុងរងសម្ពាធយ៉ាងខ្លាំង ដោយសារតែសភាទាត់ចោលកិច្ចព្រមព្រៀង Brexit របស់លោកស្រី ដែលបាន ធ្វើឱ្យ Brexit ត្រូវលើកពេលរហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩៕