(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា បើតាមគំនិតលោក គឺវាមិនចាំបាច់នោះឡើយ ក្នុងការ​បញ្ជូនកងទ័ពថែមទៀត ទៅកាន់តំបន់មជ្ឈិមបូព៌ា ដើម្បីទប់ទល់ប្រទេសអ៊ីរ៉ង់ ខណៈក្រសួងការពារជាតិអាមេរិក មានផែនការចង់បង្កើនកម្លាំងទ័ព នៅក្នុងតំបន់នេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅ​រសៀលថ្ងៃសុក្រ ទី២៤ ខែឧសភា ឆ្នាំ២០១៩។

លោក ដូណាល់ ត្រាំ បាននិយាយដូច្នេះថា «ខ្ញុំពិតជាមិនយល់ថា យើងត្រូវការបញ្ជូនកងទ័ពបន្ថែមនោះទេ និយាយទៅប្រសិនបើ​យើងត្រូវការទ័ពបន្ថែម ខ្ញុំច្បាស់ជានឹងបញ្ជូនទៅមិនខាន ក្នុងចំនួនប៉ុន្មានក៏បានដែរ ប៉ុន្តែខណៈនេះ គឺពួកយើងមិនត្រូវការឡើយ»។ លោក ត្រាំ ដែលកន្លងមកនេះ បានផ្តោតសំខាន់ លើការព្យាយាមកាត់បន្ថយចំនួនកងទ័ពអាមេរិក ដែលកំពុងឈរជើងនៅជុំវិញ​ពិភពលោកនោះ បានធ្វើការលើកឡើងខាងលើ មុនពេលលោកត្រូវទទួលជ្រាបពីផែនការថ្មី ស្តីពីការដាក់ពង្រាយទ័ពរបស់ ក្រសួង​ការពារ​ជាតិអាមេរិក។

បើតាមរដ្ឋមន្រ្តីស្តីទីនៃក្រសួងការពារជាតិអាមេរិក លោក Patrick Shanahan ក្រសួងការពារជាតិអាមេរិក កំពុងតែពិចារណាលើ​ការបញ្ជូនកងទ័ពបន្ថែម ទៅកាន់តំបន់មជ្ឈិមបូព៌ា ដើម្បីជាមធ្យោបាយមួយសម្រាប់ផ្តល់ការការពារ ដល់កងទ័ពអាមេរិក ដែល​កំពុងឈរជើងនៅទីនោះ ចំពោះមុខភាពតានតឹងជាមួយអ៊ីរ៉ង់។ ក៏ប៉ុន្តែ លោក Shanahan បានច្រាន់ចោលរបាយការណ៍​របស់ បណ្តាប្រព័ន្ធផ្សព្វផ្សាយអាមេរិក ដែលបានលើកឡើងពីតួលេខជាក់លាក់មួយចំនួន។

គួរជម្រាបថា មួយរយៈចុងក្រោយនេះ ភាពតានតឹងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ បានកើនឡើងកម្តៅខ្លាំង បន្ទាប់ពី​​ សហរដ្ឋអាមេរិក បានចល័តសព្វាវុធមកមជ្ឈិមបូព៌ា ដើម្បីជាសារព្រមានដល់អ៊ីរ៉ង់ ដោយអះអាថា អ៊ីរ៉ង់អាចមានគម្រោងចង់វាយប្រហារ​លើកងទ័ពអាមេរិក ក៏ដូចជាសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងតំបន់៕