(វ៉ាស៊ីនតោន)៖ អគ្គរដ្ឋទូតឥណ្ឌាប្រចាំទីក្រុងវ៉ាស៊ីនតោន លោក Harsh Shringla បានឱ្យដឹងថាទីក្រុង ញូដេលីបានបញ្ឈប់ការនាំចូលប្រេងពីអ៊ីរ៉ង់កាលពីខែមេសាកន្លងទៅ បន្ទាប់ពីក្រុមមន្ត្រីអាមេរិកធា្លប់ព្រមាន ឱ្យបណ្ដាក្រុមហ៊ុន និងប្រទេសដទៃឈប់រកស៊ីជាមួយអ៊ីរ៉ង់ បើមិនចង់ជាប់ទណ្ឌកម្មអាមេរិក។ នេះបើតាម ការចេញ ផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃសុក្រ ទី២៤ ខែឧសភា ឆ្នាំ២០១៩។

នៅចំពោះមុខអ្នកសារព័ត៌មាននៅឯស្ថានទូតឥណ្ឌា ប្រចាំទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ លោក Shringla ក៏បានបញ្ជាក់ដែរថាឥណ្ឌា បាននាំចូលប្រេងជាលើកចុងក្រោយពីអ៊ីរ៉ង់ ចំនួន១លានតោន កាលពីខែមេសាកន្លងទៅ។ ប៉ុន្តែការលើកឡើងនេះ គឺផ្ទុយពីការអះអាងរបស់ទីក្រុងញូដេលី នាពេលកន្លង មកដែលថានឹងបន្តទិញប្រេងពីអ៊ីរ៉ង់ ពីព្រោះឥណ្ឌាមានសិទ្ធិធ្វើពាណិជ្ជកម្មជាមួយប្រទេសដទៃ ដែល ខ្លួនចង់។

គួរជម្រាបថា បើតាមលោក Shringla បច្ចុប្បន្ន ឥណ្ឌាកំពុងពិភាក្សាពីការនាំចូលប្រេងពីប្រទេសដទៃ ស្របពេលសហរដ្ឋអាមេរិកកំពុងចង់បិទខ្ទប់ការនាំចេញប្រេងរបស់ទីក្រុងតេហេរ៉ង់ឱ្យដល់កម្រិតសូន្យ៕