(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនអវកាសអាមេរិក SpaceX ទីបំផុត បានបញ្ជូនផ្កាយរណបចំនួន៦០គ្រឿងដំបូងឡើងទីអវកាស នៅក្រោម គម្រោងឈ្មោះថា Starlink ដែលជាកិច្ចប្រឹងប្រែង ក្នុងការបង្កើតនូវបណ្តាញផ្កាយរណបដ៏ធំមួយ ដែលមានសមត្ថភាពផ្គត់ផ្គង់សេវា អ៊ីនធើណែតល្បឿនលឿន សម្រាប់អ្នកប្រើប្រាស់នៅលើផែនដី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែឧសភា ឆ្នាំ២០១៩។

ផ្កាយរណបទាំង៦០គ្រឿងខាងលើ ត្រូវបាននាំយកឡើងទៅទីអវកាស ដោយគ្រាប់រ៉ុក្កែតអាចប្រើប្រាស់ឡើងវិញបាន Falcon 9 កាលពីយប់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅរដ្ឋផ្លូរីដា, អាមេរិក) ហើយពួកវានឹងត្រូវចាប់ផ្តើមដាក់ពង្រាយ នៅរយៈកម្ពស់ ៤៤០គីឡូម៉ែត្រ ហើយនឹងបន្តឡើងដល់កម្ពស់៥៥០គីឡូម៉ែត្រ ដែលជារយៈកម្ពស់ត្រូវធ្វើប្រតិបត្តិការរបស់ពួកវា។

គួរជម្រាបថា គម្រោង Starlink ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៥ ហើយបណ្តាញផ្កាយរណបនេះ ត្រូវគេរំពឹងថា នឹងអាច ដំណើរការបាន ក្រោយពីផ្កាយរណបយ៉ាងតិច៨០០គ្រឿង ត្រូវបានដាក់ពង្រាយនៅទីអវកាស ខណៈដែលផ្កាយរណបសរុបនឹង មានចំនួនដល់ទៅ១២,០០០គ្រឿង ដើម្បីផ្តល់សេវាអ៊ីនធើណែតគ្របដណ្តប់ជុំវិញពិភពលោក៕