(វ៉ាស៊ីនតោន)៖ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍ឲ្យដឹងថា ទីក្រុងវ៉ាស៊ីនតោន អាចនឹងពិចារណាបញ្ជូនកងទ័ពរាប់ពាន់នាក់ទៀត ទៅកាន់តំបន់មជ្ឈមបូព៌ា ស្របពេលដែលភាពតានតឹងកំពុងបន្តកើនឡើងជាមួយអ៊ីរ៉ង់។ នេះបើតាមការដកស្រង់ការ ផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ២០១៩។

បើតាមសារព័ត៌មាន CNN ក្រុមមន្រ្តីក្រសួងការពារជាតិអាមេរិក នឹងជួបជាមួយមន្រ្តីសន្តិសុខជាតិនៃសេតវិមាន នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដើម្បីជជែកពីគម្រោងបញ្ជូនទ័ពបន្ថែមទៅមជ្ឈិមបូព៌ា តែពុំទាន់មានការសម្រេចចិត្តចុងក្រោយណាមួយនៅឡើយទេ។ ចំណែកសារព័ត៌មាន AP បានចុះផ្សាយថា ក្រសួងការពារជាតិអាមេរិកនឹងប្រគល់ផែនការមួយទៅឲ្យសេតវិមាន ស្តីពីការចល័តកងទ័ពប្រមាណ ១០,០០០នាក់ទៅកាន់តំបន់មជ្ឈិមបូព៌ា។

ទន្ទឹមគ្នានេះ យោងតាមសេចក្តីរាយការណ៍មួយរបស់ទីភ្នាក់ងារព័ត៌មាន Reuters វិញ ក្រសួងការពារជាតិអាមេរិកកំពុងពិចារណាលើសំណើមួយ ដើម្បីបញ្ជូនកងកម្លាំងប្រហែល ៥,០០០នាក់បន្ថែមទៅមជ្ឈិមបូព៌ា ដែលសំណើនេះត្រូវបានធ្វើឡើងដោយ ទីបញ្ជា ការកណ្តាលរបស់យោធាអាមេរិក ប្រចាំនៅតំបន់នោះ។ ប៉ុន្តែវាមិនច្បាស់នោះទេថា ក្រសួងការពារជាតិអាមេរិក នឹងយល់ព្រមចំពោះសំណើនេះដែរ ឬក៏យ៉ាងណា។

គួរជម្រាបថា ព័ត៌មានខាងលើបានលេចឡើង បន្ទាប់ពីរដ្ឋមន្រ្តីការពារជាតិអាមេរិកស្តីទី លោក ផាទ្រីក ហ្សាណាហាន (Patrick Shanahan) បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា សហរដ្ឋអាមេរិកពុំមានបំណងចង់ធ្វើឲ្យផ្ទុះភាពតានតឹង កាន់តែកើនឡើងកម្តៅជាមួយអ៊ីរ៉ង់ ឬក៏បង្កសង្រ្គាមជាមួយប្រទេសមជ្ឈិមបូព៌ាមួយនេះឡើយ៕