(តូក្យូ)៖ រដ្ឋមន្ត្រីការបរទេសជប៉ុនលោក តារ៉ូ កូណុ (Taro Kono) ចង់ឱ្យប្រព័ន្ធផ្សព្វផ្សាយសរសេរឈ្មោះជនជាតិជប៉ុន ដោយដាក់នាមត្រកូលនៅខាងមុខវិញ នៅពេលសរសេរជាភាសាបរទេស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ២០១៩។

ឆ្លើយតបទៅកាន់អ្នកសារព័ត៌មាននៅថ្ងៃពុធសប្ដាហ៍នេះ លោក Taro Kono បានបញ្ជាក់ថា លោកមានគម្រោងស្នើឱ្យប្រព័ន្ធផ្សព្វផ្សាយបរទេសទាំងអស់ សរសេរឈ្មោះជនជាតិជប៉ុន ដោយដាក់នាមត្រកូលនៅខាងមុខ។ ឧទាហរណ៍ដូចជាឈ្មោះនាយករដ្ឋមន្ត្រីជប៉ុន ស៊ីន ហ្សូអាបេ (Shinzo Abe) ត្រូវសរសេរទៅជាលោក អាបេ ស៊ីនហ្សូ (Abe Shinzo) វិញ។

គួរបញ្ជាក់ថា បើតាមលោក Taro Kono មិនមែនតែសារព័ត៌មានបរទេសនោះទេ លោកក៏ធ្វើការស្នើដូចគ្នានេះផងដែរ ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក ដែលចេញផ្សាយជាភាសាបរទេស។ ការធ្វើបែបនេះ គឺដើម្បីឲ្យការសរសេរឈ្មោះ ជនជាតិជប៉ុនសមស្របទៅតាមបែបបទជប៉ុន ដោយមិនចាំបាច់កែប្រែទៅជាបរទេសនោះឡើយ នៅពេលសរសេរទៅជាភាសាលោកខាងលិច៕