(ហ្សាការតា)៖ លទ្ធផលបោះឆ្នោតផ្លូវការចេញផ្សាយនៅថ្ងៃអង្គារនេះ បានឱ្យដឹងថាលោក Joko Widodo ទទួលបាន ជ័យជម្នះនៅក្នុងការបោះឆ្នោត កាលពីថ្ងៃទី១៧ ខែមេសាកន្លងទៅ ដែលនេះមានន័យថាលោកនឹងបន្តកាន់តំណែងជា ប្រធានាធិបតីឥណ្ឌណេស៊ីសម្រាប់អណត្តិទី២ជាប់ៗគ្នា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃអង្គារ ទី២១ ខែឧសភា ឆ្នាំ២០១៩។

កាលពីដំបូងឡើយ គណៈកម្មាការរៀបចំការបោះឆ្នោតឥណ្ឌូណេស៊ី គ្រោងនឹងប្រកាសលទ្ធផលបោះឆ្នោតជាផ្លូវការ នៅថ្ងៃពុធសប្ដាហ៍នេះ។ ប៉ុន្តែ ដោយខ្លាចក្រែងមានភាពចលាចល និងការធ្វើបាតុកម្មតវ៉ាប្រឆាំងនឹងលទ្ធផល ចុងក្រោយ ទើបលទ្ធផលបោះឆ្នោតប្រធានាធិបតីជាផ្លូវការត្រូវប្រកាសនៅថ្ងៃអង្គារនេះវិញ។

គួរបញ្ជាក់ថា បើតាមគណៈកម្មាការរៀបចំការបោះឆ្នោត លោក Joko Widodo និងអនុប្រធានាធិបតីរបស់លោកគឺ លោក Ma'ruf Amin ទទួលបានសំឡេងគាំទ្រ ៥៥.៥ ភាគរយ ខណៈគូប្រជែង លោក Prabowo Subianto និងលោក Sandiaga Uno ទទួលបានសំឡេងគាំទ្រ៤៤.៥ភាគរយ៕