(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អាចនឹងលើកលែងទោសដល់យោធាអាមេរិកជាច្រើននាក់ ដែលត្រូវបានចោទប្រកាន់ ឬត្រូវបានកាត់ទោសពីបទឧក្រិដ្ឋកម្មសង្រ្គាម ក្នុងនោះរួមមានទាំងយោធាជាន់ខ្ពស់ម្នាក់ដែល ជាប់ចោទពីបទបាញ់ប្រហារលើជនស៊ីវិលគ្មានអាវុធនៅក្នុងដៃ អំឡុងពេលបំពេញការងារនៅក្នុងប្រទេសអ៊ីរ៉ាក់។ នេះបើ តាមការចេញផ្សាយដោយសារព័ត៌មាន New York Times នៅថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០១៩។

New York Times ផ្អែកលើប្រភពដែលខ្លួនទទួលបាន បានឱ្យដឹងថាលោក ដូណាល់ ត្រាំ អាចនឹងលើកលែងទោស ដល់យោធាអាមេរិកខាងលើ នៅចំថ្ងៃរំលឹកដល់កងទ័ពអាមេរិកពលីជីវិតក្នុងសមរភូមិ ឬ Memorial Day នៅថ្ងៃទី២៧ ខែឧសភានេះ។ ប្រភពដដែលបន្ថែមថា ក្នុងចំណោមយោធាអាមេរិកដែលអាចនឹងត្រូវលើកលែងទោស ក៏មាននាយក បេសកកម្មកងកុម្ម៉ង់ដូ Navy SEALs លោក Edward Gallagher ជាប់ចោទពីបទបាញ់ប្រហារលើជនស៊ីវិល និងសម្លាប់ឈ្លើយសឹកម្នាក់ដោយកាំបិតនៅអ៊ីរ៉ាក់ ព្រមទាំងយោធាជាន់ខ្ពស់ម្នាក់ទៀតគឺ លោក Mathew Golsteyn ជាប់ចោទពីបទសម្លាប់ជនគ្មានអាវុធម្នាក់ នៅអាហ្វហ្គានីស្ថានកាលពីឆ្នាំ២០១០ ផងដែរ។

តែយ៉ាងណាក៏ដោយ ខាងក្រសួងយុត្តិធម៌អាមេរិក និងសេតវិមាន មិនទាន់ធ្វើអត្ថាធិប្បាយណាមួយនៅឡើយទេ ជុំវិញសេចក្ដីរាយការណ៍របស់ New York Times៕