(វ៉ាស៊ីនតោន)៖ អតីតមន្ត្រីមួយរូបរបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមរិក CIA លោក ខេវិន ម៉ាល់ឡូរី (Kevin Mallory) អាយុ ៦០ឆ្នាំ ត្រូវបានតុលាការអាមេរិក កាត់ទោសដាក់ពន្ធនាគារ ២០ឆ្នាំ ពីបទលួចផ្តល់ការណ៍សម្ងាត់យោធាទៅឲ្យភ្នាក់ងារចិន។ នេះបើតាមសេចក្តីប្រកាសរបស់ ក្រសួងយុត្តិធម៌អាមេរិក ដកស្រង់ដោយសារព័ត៌មាន BBC នារសៀលថ្ងៃសៅរ៍ ទី១៨ ខែឧសភា ឆ្នាំ២០១៩។

សេចក្តីប្រកាសខាងលើនេះបានឲ្យដឹងទៀតថា ការកាត់ទោសអតីតមន្ត្រីខាងលើនេះ គឺបានកើតមានឡើងក្រោយការស៊ើបអង្កេតរយៈពេលពីរសប្តាហ៍ កាលពីខែមិថុនា ឆ្នាំ២០១៨ ហើយក្រោយមកទើបបានប្រកាសសាលក្រម នៅពេលថ្មីៗនេះប៉ុណ្ណោះ។ លោក Kevin Mallory គឺជាអតីតមន្ត្រី ជួរមុខមួយរបស់ CIA ត្រូវបានតុលាការរកឃើញថា បានទទួលប្រាក់ ២៥,០០០ដុល្លារអាមេរិក ពី ភ្នាក់ងារសម្ងាត់ចិន ជាថ្នូរនឹងការផ្តល់ព័ត៌មានសម្ងាត់មួយ ពាក់ព័ន្ធនឹងយោធាអាមេរិក។

គួរបញ្ជាក់ថា ក្រសួងយុត្តិធម៌អាមេរិកក៏បានរៀបរាប់ផងដែរថា អតីតមន្ត្រី CIA ខាងលើនេះ ធ្លាប់បានធ្វើដំណើរទៅកាន់ទីក្រុងសៀងហៃប្រទេសចិន កាលពីកំឡុងខែមីនា និងមេសា ឆ្នាំ២០១៧ ដើម្បីជួបភ្នាក់ងារចិននៅទីនោះ ហើយនៅមានវីដេអូរបស់លោកធ្វើសកម្មភាព ថតចម្លងឯកសារផ្សេងៗដាក់បញ្ចូលទៅក្នុងអង្គផ្ទុកទិន្នន័យ (Memory Card) នៅក្នុងបន្ទប់ការិយាល័យថែមទៀតផង។ មន្ត្រីអាមេរិកបានចាត់ទុកទង្វើរបស់ Kevin គឺជាការគំរាមកំហែង ធ្ងន់ធ្ងរបំផុតដល់សន្តិសុខរបស់សហរដ្ឋអាមេរិក៕