(ស៊ូដង់)៖ នៅទីបំផុត មេដឹកនាំយោធាស៊ូដង់ និងគណបក្សប្រឆាំងបានព្រមព្រៀងគ្នាហើយលើការកំណត់រយៈ ពេល៣ឆ្នាំក្នុងការផ្ទេរអំណាចទៅឱ្យរដ្ឋាភិបាលស៊ីវិលមួយ ដើម្បីដឹកនាំប្រទេសស៊ូដង់។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃពុធ ទី១៥ ខែឧសភា ឆ្នាំ២០១៩។
ប្រទេសស៊ូដង់បានធ្លាក់ចូលក្រោមការគ្រប់គ្រងរបស់ក្រុមយោធា ចាប់តាំងពីខែមេសាកន្លងទៅ បន្ទាប់ពី ប្រធានាធិបតីលោក Omar al-Bashir ត្រូវបានគេទម្លាក់ចេញពីតំណែង។ ដោយឡែក ជុំវិញកិច្ចព្រមព្រៀង ឯណោះវិញ ក្រុមប្រឹក្សាយោធាបណ្ដោះអាសន្នស៊ូដង់ (TMC) ក៏បានបញ្ជាកដែរថានៅអំឡុងរយៈពេល៣ឆ្នាំ នៃការផ្ទេរអំណាច សភានឹងមានសមាជិក៣០០នាក់ ក្នុងនោះមាន៦៧ភាគរយជាសមាជិកមកពីសម្ព័ន្ធភាព របស់គណបក្សប្រឆាំង។
គួរបញ្ជាក់ថា ប៉ុន្មានម៉ោងមុនការប្រកាសពីកិច្ចព្រមព្រៀងខាងលើនៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅក្នុងតំបន់) មានបាតុករយ៉ាងហោចណាស់៥នាក់ និងសមាជិកកងកម្លាំងសន្តិសុខម្នាក់បានបាត់បង់ជីវិតក្នុងបាតុកម្មដ៏ហិង្សា មួយនៅឯរដ្ឋធានី Khartoum នៃប្រទេសស៊ូដង់៕